ត្រឡប់ទៅកាន់ទំព័រដើម

ឈ្វេងយល់អំពី ការបង្កើតអាពាហ៍ពិពាហ៍

21 កញ្ញា 2025

ប្រធានបទ៖ ការបង្កើតអាពាហ៍ពិពាហ៍?

ផ្នែកទី១.សេចក្តីផ្តើម

            មនុស្សកើតមកត្រូវតែមានគូរគ្រង ហើយគូរគ្រងនេះត្រូវបានចាប់ផ្តើមដោយសេចក្តីស្រលាញ់ សេចក្តីស្នេហារបស់មនុស្សពីរនាក់ គឺបុរស និងស្រ្តី ។ នៅកម្ពុជាការរៀបអាពាហ៍ពិពាហ៍ត្រូវបានកើតឡើងដោយផ្សារភ្ជាប់ជាមួយប្រពៃណីទំនៀមទម្លាប់ សាសនា របស់ប្រជាពលរដ្ឋខ្មែរ យើងហ៊ាននិយាយបែបនេះក៏ព្រោះថា ទិដ្ឋភាពនៃការរៀបអាពាហ៍ពិពាហ៍នៅកម្ពុជាបានកើតឡើងទៅតាមតំបន់ ភូមិសាស្រ្ត ទំនៀមទម្លាប់ដើម.....ដូចជា ប្រពៃណីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិភ្នង ជនជាតិគួយ ចំរ៉ែ ដែលជាជនជាតិភាគតិច ឬប្រពៃរៀបអាពាហ៍ពិពាហ៍របស់ប្រជាពលរដ្ឋខ្មែរកាន់សាសនាឥស្លាម ជាដើម ដែលសុទ្ធសឹងតែបង្ហាញពីរូបភាពនៃការរៀបចំអាពាហ៍ពិពាហ៍ខុសពីគ្នា។

            មាត្រា៣ នៃច្បាប់ស្តីពីអាពាហ៍ពិពាហ៍ និងគ្រួសារ ឆ្នាំ១៩៨៩ បានឱ្យនិយមន័យថា អាពាហ៍ពិពាហ៍ គឺជាកិច្ចសន្យាដ៏ឱឡារិកមួយធ្វើឡើងដោយបុរសម្នាក់ និងស្រ្តីម្នាក់ដែលប្តេជ្ញាថាខ្លួន នឹងរួមសមគ្គសង្វាសជាមួយគ្នាតាមប្បញ្តត្តិច្បាប់ ហើយដែលមិនអាចរំលាយទៅវិញតាមទំនើងចិត្តរបស់ខ្លួន។ ទោះបីមានភាពខុសប្លែកពីគ្នាបែបនេះក៏ដោយ បញ្ហានៅត្រង់ថា តើច្បាប់របស់សង្គមសម្រាប់គ្រប់គ្រងបញ្ហាគតិយុត្តិត្រង់ចំណុចនេះគឺជាអ្វី? តើការរៀបអាពាហ៍ពិពាហ៍បែបណាដែលចាត់ទុកថាត្រឹមត្រូវតាមច្បាប់?

ផ្នែកទី២.លក្ខខណ្ឌនៃអាពាហ៍ពិពាហ៍

            រដ្ឋធម្មនុញ្ញកម្ពុជា កថាខណ្ឌទី៤ មាត្រា ៤៥ បានប្បញ្ញត្តិថា អាពាហ៍ពិពាហ៍ត្រូវធ្វើតាមលក្ខខណ្ឌដែលមានចែងក្នុងច្បាប់ និងគោលការណ៍ស្ម័គ្រចិត្តប្តីមួយប្រពន្ធមួយ។ ចំណែកកថាខណ្ឌទី២ មាត្រា ៣ នៃច្បាប់ស្តីពីអាពាហ៍ពិពាហ៍ និងគ្រួសារ ឆ្នាំ១៩៨៩ បានបញ្ជាក់ថា អាពាហ៍ពិពាហ៍នឹងមានអានុភាពពេញលក្ខណៈច្បាប់បានលុះត្រាតែអាពាហ៍ពិពាហ៍នោះ ធ្វើឡើងស្របតាមក្បួនខ្នាតដែលមានចែងក្នុងច្បាប់នេះ។ ដោយឡែក ក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ននេះ ការរៀបអាពាហ៍ពិពាហ៍ត្រូ​វ​បានចាត់ទុកថាមានលក្ខណៈត្រឹមត្រូវតាមច្បាប់ ត្រូវកើតឡើងតាមលក្ខខណ្ឌមួយចំនួនដែលច្បាប់បានកំណត់ ដូចខាងក្រោមនេះ៖

       ២.១.អាយុគ្រប់លក្ខណៈរៀបអាពាហ៍ពិពាហ៍

            ដើម្បីរៀបអាពាហ៍ពិពាហ៍បាន មាត្រា ៥ នៃច្បាប់ស្តីពីអាពាហ៍ពិពាហ៍ នឹងគ្រួសារ ឆ្នាំ៩៨៩ តម្រូវឱ្យបុរសមានអាយុយ៉ាងតិច២០ឆ្នាំ ឯនារីមានអាយុយ៉ាងតិច​១៨ ឆ្នាំ។ បញ្ហាគតិយុត្តត្រង់ចំណុចនេះបានរំលេចនូវបញ្ហាចោទមួយជាពិសេសថា ជាលក្ខខណ្ឌដាច់ខាតឬយ៉ាងណាក្នុងការកំណត់អាយុគ្រប់លក្ខណៈរៀបអាពាហ៍ពិពាហ៍នេះ? នេះមិនមែនជាលក្ខខណ្ឌដាច់ខាតនោះទេ ក្នុងករណីពិសេសថា នារីមានផ្ទៃពោះ ដោយខាងបុរសមិនទាន់គ្រប់អាយុ ២០ឆ្នាំ ហើយនារី មិនទាន់គ្រប់អាយុ ១៨ ឆ្នាំ ប្បញ្ញត្តិនេះបានចែងជាលក្ខខណ្ឌផ្តល់សិទ្ធិអំណាចឱ្យទៅឪពុកម្តាយ ឬអ្នកអាណាព្យាបាល បើឪពុកម្តាយ ឬអ្នកអាណាព្យាបាល មានការយល់ព្រមនោះអាពាហ៍ពិពាហ៍ក្នុងលក្ខខណ្ឌនេះអាចកើតឡើងបាន។ ម៉្យាងទៀតបើយើងក្រឡេកទៅមើលច្បាប់របស់កម្ពុជានាអតីកាល យើងឃើញថា មាត្រា ១១៦ នៃក្រមរដ្ឋប្បវេណីចាស់របស់កម្ពុជា(ក្រមរដ្ឋប្បវេណីឆ្នាំ១៩២៨) បានកំណត់អាយុអប្បបរមាសម្រាប់រៀបអាពាហ៍ពិពាហ៍គឺ បុរសមានអាយុ ១៧ឆ្នាំ នារីមានអាយុ ១៤ ឆ្នាំ។ ដើម្បីបំពេញបន្ថែមនូវលក្ខខណ្ឌច្បាប់ចំពោះបញ្ហាលក្ខខណ្ឌអាយុគ្រប់លក្ខណៈរៀបអាពាហ៍ពិពាហ៍ ទើបក្រមរដ្ឋប្បវេណី មាត្រា ៩៤៨ បានចែងដោយប្រើពាក្យថា នីតិភាព ដែលកំណត់ចំពោះលក្ខខណ្ឌអាយុ ក្នុងករណីបុរសបានដល់នីតិភាព(អាយុ  ១៨ ឆ្នាំ) ឯនារី មិនក្រោម ១៦ឆ្នាំ អាចរៀបអាពាហ៍ពិពាហ៍បានដោយមានការយល់ព្រមពីអ្នកមានអំណាចមេបា ឬអាណាព្យាបាល ហើយនារីដែលបានរៀបការរួចក្នុងលក្ខខណ្ឌបែបនេះត្រូវបានចាត់ទុកថាដល់នីតិភាពដូចគ្នា។

       ២.២.ការហាមឃាត់មិនឱ្យមានទ្វេពន្ធភាព

           ផ្អែកតាមរបបឯកពន្ធភាព បានហាមឃាត់ចំពោះបុរស ឬនារី ដែលបានរៀបអាពាហ៍ពិពាហ៍រួចមិនអាចទៅរៀបអាពាហ៍ពិពាហ៍ថែមមួយទៀតបាននោះទេ។ នៅក្នុងមាត្រា ៦ នៃច្បាប់ស្តីពីអាពាហ៍ពិពាហ៍ និងគ្រួសារ បានហាមឃាត់មិនឱ្យមានទ្វេពន្ធភាពនោះទេ។ ចំណែកមាត្រា ៩៤៩ នៃក្រមរដ្ឋប្បវេណីបច្ចុប្បន្ន បានបញ្ជាក់យ៉ាងច្បាស់ថា បុគ្គលដែលមានសហព័ទ្ធហើយ ពុំអាចរៀបអាពាហ៍ទៀតបានឡើយ។ ត្រង់ចំណុចនេះ មាត្រា នេះបានប្រើពាក្យថា សហព័ទ្ធ ដែលបានសំដៅដល់ស្ថានភាពនៃបុគ្គលដែលមានទំនាក់ទំនងជាប្តីប្រពន្ធដោយបានចុះសំបុត្រអាពាហ៍ពិពាហ៍ ដែលមិនបានសំដៅដល់ប្តីប្រពន្ធដែលស្ថិតក្នុងស្ថានភាពជាអនីតិសង្វាសនោះឡើយ។ យើងអាចមើលឃើញថាប្បញ្ញតិ្តនេះបានការពារសិទ្ធិដែលជាទំនាក់ទំនងគតិយុត្តិយ៉ាងច្បាស់លាស់ចំពោះបុគ្គលដែលបានរៀបអាពាហ៍ពិពាហ៍ដោយបានចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់។ ដោយឡែកបញ្ហាចំពោះបុគ្គលដែលបានរៀបការប៉ុន្តែមិនចុះសំបុត្រអាពាហ៍ពិពាហ៍នោះទេ នោះមិនមានភាពពេញលេញដែលប្បញ្ញត្តិនេះយកមកអនុវត្តបានឡើយ។ អ្វីដែលលើសពីនេះទៅទៀតគឺ មាត្រា ៤ នៃច្បាប់ស្តីពីឯកពន្ធភាព​ ឆ្នាំ០០៦ បានចែងជាបទទ្វេពន្ធ ដែលជាបទល្មើសព្រហ្មទណ្ឌ ក្នុងករណីដែលបុរស ឬស្រ្តីមានចំណងអាពាហ៍ពិពាហ៍មុនមិនទាន់រលាយ ហើយទៅចុះសំបុត្រអាពាហ៍ពិពាហ៍ថ្មីមួយទៀត ហើយបុគ្គលដែលបានប្រព្រឹត្តបទល្មើសដែលបានចែងក្នុងមាត្រា ៤ ខាងលើនេះត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ៦ ខែ ទៅ១ឆ្នាំ និងត្រូវពិន័យជាប្រាក់ចំនួន ២០០.០០០ (ពីររយពាន់)រៀល ទៅ ១.០០០.០០០ (មួយលាន)រៀល ឬផ្តន្ទាទោសណាមួយនៃទោសទាំងពីរនេះ។

        ២.៣.អំឡុងពេលហាមឃាត់មិនឱ្យរៀបអាពាហ៍ពិពាហ៍ថ្មីទៀត

            ក្រមរដ្ឋប្បវេណីមាត្រា ៩៥០ បានកំណត់អំពីកំឡុងពេល ១២០ថ្ងៃបន្ទាប់ពីអាពាហ៍ពិពាហ៍មុនត្រូវបានរលាយ ឬលុបចោល ទើបនារីអាចរៀបការថ្មីបាន។ កម្មវត្ថុនៃការហាមឃាត់នេះគឺធ្វើឡើងការពារបញ្ហាសន្មតបិតុភាព ដែលមានន័យថា តើកូនដែលកើតមកគួរតែសន្មតថាជាកូនរបស់ប្តីមុន ឬប្តីក្រោយ។ ចំពោះមាត្រា ៩ នៃច្បាប់ស្តីពីអាពាហ៍ពិពាហ៍ និងគ្រួសារ បានហាមឃាត់រយៈ ៣០០ថ្ងៃ គិតចាប់ពីថ្ងៃដែលប្តីបានស្លាប់ ឬថ្ងៃដែលប្រកាសសាលក្រមជាស្ថាពរទើបនារីមានសិទ្ធិអាចរៀបអាពាហ៍ពិពាហ៍ថ្មីបាន ព្រោះថាបើមានករណីដែលនារីមានផ្ទៃពោះ ក្នុងកំឡុងពេល ៣០០ថ្ងៃ នោះបុរសក្រោយដែលបានរៀបការជាមួយនារីនោះក្នុងកំឡុងពេល ៣០០ថ្ងៃនេះ ត្រូវបានសន្មតថាជាឪពុករបស់ក្មេងកើតមក។ ប៉ុន្តែកថាខណ្ឌទី២ នៃមាត្រា ៩៥០ នេះបានបញ្ជាក់យ៉ាងច្បាស់លាស់ហើយថា ករណីនារីមានផ្ទៃពោះមុនអាពាហ៍ពិពាហ៍ចាស់រលាយ ឬលុបចោល នោះមានន័យថា កូននោះគឺជាកូនរបស់ប្តីមុនយ៉ាងច្បាស់លាស់ ដូចនេះមិនចាំបាច់រង់ចាំរយៈពេល ១២០ថ្ងៃទើបអាចរៀបអាពិពាហ៍បាននោះទេ។ ករណីមួយទៀត នារីអាចរៀបការបានដោយមិនចាំបាច់រង់ចាំរយៈ ១២០ថ្ងៃនោះទេ ឱ្យតែមានការបញ្ជាក់ច្បាស់លាស់ពីវេជ្ជបណ្ឌិតថាគ្មានផ្ទៃពោះ។

       ២.៤.ការហាមឃាត់មិនឱ្យរៀបអាពាហ៍ពិពាហ៍រវាងញាតិលោហិត

           មានមូលហេតុចំនួន២ ជាចម្បង ក្នុងការហាមឃាត់មិនឱ្យរៀបអាពាហ៍ពិពាហ៍រវាងញាតិលោហិត ឬហៅថា ញាតិខ្លួនឯង។ មូលហេតុទី១ គឺពាក់ព័ន្ធនឹងបញ្ហាសុជាតិវិទ្យា[1] ដែលការរៀបការនឹងញាតិថ្នាក់ជិតបែបនេះ អាចនាំឱ្យកើតមាននូវបញ្ហាដល់កូនដែលកើតមកត្រូវខ្សោយបញ្ញា ឬមានបញ្ហាពិការភាពណាមួយកើតឡើង។ មូលហេតុទី២ គឺបញ្ហាសីលធម៌សង្គម ដែលនាំឱ្យមនុស្សជាច្រើន ឬសង្គមទំាងមូលមើលឃើញថានេះជាភាពមិនសមទំនងដែលបងប្អូនខ្លួនឯង ឬសាច់ញាតិខ្លួន​ឯងទៅជាស្រលាញ់យកគ្នាជាប្តីប្រពន្ធបែបនេះ ហើយបញ្ហានេះនឹងអាចនាំទៅដល់ការស្តីបន្ទោសរបស់សង្គមពាក់ព័ន្ធភាពឆ្គាំឆ្គងនេះ។ បញ្ហាចោទឡើងមួយទៀតនោះគឺទំនាក់ទំនងរវាងឪពុកម្តាយចិញ្ចឹមនឹងកូនស្មុំ ដែលករណីនេះបានឆ្លុះបញ្ចាំងបញ្ហាក្នុងស្ថានភាពពីរ (ទី១)បញ្ហារៀបអាពាហ៍ពិពាហ៍រវាងឪពុកម្តាយចិញ្ចឹមនឹងកូនស្មុំ (ទី២)បញ្ហារៀបអាពាហ៍ពិពាហ៍រវាងឪពុកម្តាយរបស់កូនស្មុំ និងកូនខ្លួនក្នុងករណីកូនស្មុំពេញលេញ តើបញ្ហាទាំងពីរនេះត្រូវបានអនុញ្ញាតឱ្យកើតមានអាពាហ៍ពិពាហ៍ដែរឬទេ? មាត្រា ៩៥១ កថាខណ្ឌទី២ បានបញ្ជាក់យ៉ាងច្បាស់ថា ការហាមឃាត់ត្រូវបានកើតឡើង ដោយមិនឱ្យមានការរៀបអាពាហ៍ពិពាហ៍រវាងឪពុកម្តាយចិញ្ចឹមនឹងកូនស្មុំនោះឡើយ ទោះបីជាទំនាក់ទំនងញាតិភាពត្រូវបញ្ចប់ដោយមូលហេតុកាត់កាលក៏ដោយ។ ចំណែកបញ្ហាទី២ គឺការរៀបអាពាហ៍ពិពាហ៍រវាងឪពុកម្តាយរបស់កូនស្មុំ និងកូនខ្លួនក្នុងករណីកូនស្មុំពេញលេញ ក៏មិនអាចកើតឡើងបានដែរ គឺច្បាប់បានធ្វើការហាមឃាត់នៅក្នុងករណីបែបនេះ មានន័យថា ក្នុងករណីកូនស្មុំពេញលេញ គឺឪពុកម្តាយរបស់កូនស្មុំ បានផ្តាច់ញាតិភាពជាឪពុកម្តាយ១០០%(មួយរយភាគរយ) ហើយក្រោយមក កើតមានទំនាក់ទំនងក្នុងបញ្ហារៀបអាពាហ៍ពិពាហ៍ជាមួយកូនខ្លួនឯងបែបនេះវិញក៏ច្បាប់មិនអនុញ្ញាត្តិឡើយ ព្រោះថាបញ្ហាឈាមជ័រពីកំណើតនៅតែមាន។

       ២.៥.ការហាមឃាត់រៀបអាពាហ៍ពិពាហ៍រវាងញាតិពន្ធ

          និយាយដោយសាមញ្ញថា បញ្ហាញាតិពន្ធ ឬហៅថា ញាតិខាងសាច់ថ្លៃ ត្រូវបានហាមឃាត់ ដោយហេតុថា បញ្ហាសីលធម៌ប្រពៃណីទំនៀមទម្លាប់សង្គមផងដែរ ប៉ុន្តែក៏មានករណីដែលអាចរួចផុតពីការហាមឃាត់បានដូចគ្នាក្នុងករណីពិសេសមួយចំនួនត្រូវបានបំពេញ។ យោងតាមមាត្រា ៩៥២ នៃក្រមរដ្ឋប្បវេណីបច្ចុប្បន្ន ករណីរៀបអាពាហ៍ពិពាហ៍ជាមួយបងប្អូនថ្លៃ ឪពុកម្តាយក្មេក កូនប្រសារ ត្រូវបានហាមឃាត់ ប៉ុន្តែក្នុងករណីមរណភាពរបស់សហព័ន្ធណាម្ខាង នោះសហព័ទ្ធ(ប្តីឬប្រពន្ធ)ម្ខាងដែលនៅរស់ អាចរៀបអាពាហ៍ពិពាហ៍នឹងញាតិពន្ធទាំងបីថ្នាក់បាន។

       ២.៦.ការរៀបអាពាហ៍ពិពាហ៍របស់អនីតិជន

          នៅក្នុងបញ្ហានៃការរៀបអាពាហ៍ពិពាហ៍របស់អនីតិជននេះផងដែរ មានការជាប់ពាក់ព័ន្ធនឹងលក្ខខណ្ឌនៃអាយុគ្រប់លក្ខណៈរៀបអាពាហ៍ និងលក្ខខណ្ឌនៃការយល់ព្រមរបស់ឪពុកម្តាយ អ្នកមានអំណាចមេបា ឬអ្នកអាណាព្យាបាល។ ដើម្បីដោះស្រាយនូវបញ្ហានៃទំនាក់ទំនងត្រង់ចំណុចនេះ មាត្រា ៩៥៣ នៃក្រមរដ្ឋប្បវេណី បានបញ្ជាក់នូវលក្ខខណ្ឌនៃការរៀបអាពាហ៍ពិពាហ៍របស់អនីតិជនផ្អែកទៅតាមស្ថានភាពនៃអាយុ និងការយល់ព្រមរបស់ឪពុកម្តាយ អ្នកមានអំណាចមេបា ឬអ្នកអាណាព្យាបាលក្នុងស្ថានភាពចំនួន ៥ ដូចខាងក្រោមនេះ៖

  • នីតិជន(១៨ ឆ្នាំឡើងទៅ) និងនីតិជន(១៨ ឆ្នាំឡើងទៅ) មិនចាំបាច់មានការយល់ព្រម
  • នីតិជន(១៨ ឆ្នាំឡើងទៅ) និងអនីតិជន(១៦ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ) ត្រូវមានការយល់ព្រមពីអ្នកមានអំណាចមេបា ឬអាណាព្យាបាលសម្រាប់អនីតិជន។
  • ជនដែលទទួលបានអត្តាធីនភាព(១៦ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ) និងនីតិជន(១៨ ឆ្នាំឡើងទៅ) មិនចាំបាច់មានការយល់ព្រម។
  • ជនដែលទទួលបានអត្តាធីនភាព(១៦ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ) និងអនីតិជន(១៦ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ) ត្រូវមានការយល់ព្រមពីអ្នកមានអំណាចមេបា ឬអាណាព្យាបាលសម្រាប់អនីតិជន។
  • ជនដែលទទួលបានអត្តាធីនភាព(១៦ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ) និងជនដែលទទួលបានអត្តាធីនភាព(១៦ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ) មិនចាំបាច់មានការយល់ព្រម។

       ២.៧.ការរៀបអាពាហ៍ពិពាហ៍របស់ជននៅក្រោមអាណាព្យាបាលទូទៅ

          ទោះបីជានៅក្នុងទំនាក់ទំនងនៃការបង្កើតសិទ្ធិនានានៅក្នុងក្រមរដ្ឋប្បវេណីបានប្បញ្ញត្តិអំពីសិទ្ធិមួយចំនួនដែលកើតឡើងដោយសកម្មភាពរបស់ជននៅក្រោមអាណាព្យាបាលទូទៅមិនមានអានុភាពក៏ដោយ ដូចជាសកម្មភាពបង្កើតកិច្ចសន្យា ជាដើម។ ប៉ុន្តែផ្ទុយទៅវិញប្បញ្ញត្តិមាត្រា ៩៥៤ នៃក្រមរដ្ឋប្បវេណី បែរជាបើកចំហ ឱ្យមានការប្រើសិទ្ធិខាងអាពាហ៍ពិពាហ៍របស់សមត្ថជនប្រភេទនេះ(ជនក្រោមអាណាព្យាបាលទៅ)។ អត្ថន័យចំពោះជននៅក្រោមអាណាព្យាបាលទូទៅគឺជាជនដែលមានបញ្ហាខាងយល់ដឹង ជាបញ្ហាវិបប្លាសស្មារតី ដែលស្ថិតនៅក្នុងស្ថានភាពកង្វះការយល់ដឹង និងវិនិច្ឆ័យតាមផ្លូវច្បាប់នៃសកម្មភាពរបស់ខ្លួនជាអចិន្រ្តៃយ៍ ហើយត្រូវបានប្រកាសដាក់ឱ្យស្ថិតនៅក្រោមអាណាព្យាបាលទូទៅ។[2] ការដែលអនុញ្ញាតឱ្យមានការរៀបអាពាហ៍ពិពាហ៍របស់ជននៅក្រោមអាណាព្យាបាលទូទៅនេះ ជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយហេតុថា មាត្រានេះបានផ្តល់សិទិ្ធខាងអាពាហ៍ពិពាហ៍ដល់ជននៅក្រោមអាណាព្យាបាលទូទៅ អាចបង្ហាញឆន្ទៈក្នុងការរៀបអាពាហ៍ជាអប្បបរិមា ឬកម្រិតទាបបំផុត ប៉ុន្តែមិនបានបញ្ជាក់ឱ្យមានភាពសុក្រិត្យថា តើកម្រិតអប្បបរិមានោះ យកអ្វីជាកម្រិតគោលនោះទេ។ ប៉ុន្តែយ៉ាងណាក៏ដោយមធ្យោបាយនៃការបង្ហាញភស្តុតាងបញ្ជាក់បានគឺត្រូវតែធ្វើឡើងជាលាយលក្ខណ៍អក្សរ។ រឿងដែលត្រូវពិចារណាឱ្យបានល្អិតល្អន់មួយទៀតគឺ មាត្រា ៦ ចំណុចទី៤ នៃច្បាប់ស្តីពីអាពាហ៍ពិពាហ៍ និងគ្រួសារ បានហាមឃាត់មិនឱ្យមានអាពាហ៍ពិពាហ៍ឡើយចំពោះ ជនវិកលចរិក ជនមិនដឹងខុសត្រូវ ។

       ២.៨.ការដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ និងការចុះបញ្ជីអាពាហ៍ពិពាហ៍

          លក្ខខណ្ឌយ៉ាងសំខាន់សម្រាប់ភាគីដែលបង្ហាញឆន្ទៈព្រមព្រៀងរៀបអាពាហ៍ពិពាហ៍និងគ្នាត្រូវ ធ្វើឡើងស្របទៅតាមដំណាក់កាលនៃការរៀបអាពាហ៍មួយទៅបាន។ ចំពោះស្ថាប័នដែលមានសមត្ថកិច្ចក្នុងការពិនិត្យ និងការអនុញ្ញាតឱ្យរៀបអាពាហ៍ពិពាហ៍បានត្រឹមត្រូវតាមច្បាប់គឺ មន្រ្តីអត្រានុកូលដ្ឋាន ឬហៅសាមញ្ញទូទៅថា មន្រ្តីរដ្ឋបាលឃុំសង្កាត់។ ដូចនេះជំហ៊ានដំបូងភាគីដែលត្រូវរៀបអាពាហ៍ពិពាហ៍ត្រូវទៅឃុំសង្កាត់ដែលខ្លួនរស់នៅដើម្បីដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ ដែលទម្រង់បែបបទនៃត្រូវបានកំណត់ ដោយរដ្ឋបាលឃុំសង្កាត់។ បន្ទាប់ពីមានការដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍រួចហើយ គឺត្រូវឆ្លងកាត់ការប្រកាសជូនដំណឹងអំពីអាពាហ៍ពិពាហ៍នោះ ដែលទម្រង់បច្ចុប្បន្ននេះហៅថា ប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ ដោយនីតិវិធីនៃការប្រកាសនេះមានរយៈពេល០ថ្ងៃមុនថ្ងៃរៀបអាពាហ៍ពិពាហ៍ ដោយត្រូវបិទប័ណ្ណប្រកាសនេះនៅរដ្ឋបាលឃុំសង្កាត់ លំនៅឋានបុរស និងនារីដែលត្រូវរៀបអាពាហ៍ពិពាហ៍និងគ្នានោះ ព្រោះថាវត្ថុបំណងបញ្ចៀសនូវបញ្ហារបស់តតិយជន ឬបុគ្គលដែលមានការពាក់ព័ន្ធនៅក្នុងទំនាក់ទំនងមានសិទ្ធិប្តឹងតវ៉ាបាន។ ជាចុងក្រោយគឺ ចុះសំបុត្រអាពាហ៍ពិពាហ៍ បន្ទាប់ពីការរៀបអាពាហ៍ពិពាហ៍នឹងគ្នារួច ភាគីនឹងក្លាយជាប្តីប្រពន្ធពេញលក្ខណៈផ្លូវច្បាប់ ឬហៅថា សហព័ទ្ធ ដែលបង្កើតជាទំនាក់ទំនងពេញលេញតាមផ្លូវច្បាប់ ដោយការចុះសំបុត្រអាពាហ៍ពិពាហ៍ ឬការហៅជាទូទៅរបស់ប្រជាពលរដ្ឋខ្មែរ គឺអ៊ីតាស៊ីវិលនេះឯង។

ផ្នែកទី៣.មោឃភាព និងការលុបចោលនៃអាពាហ៍ពិពាហ៍

        ៣.១.មោឃភាពនៃអាពាហ៍ពិពាហ៍

            មោឃភាពនៃអាពាហ៍ពិពាហ៍សំដៅទៅលើ ភាពពុំមានអានុភាពតាមផ្លូវច្បាប់នៃសកម្មភាពគតិយុត្តដែលផ្ទុយនឹងបញ្ញត្តិច្បាប់ ពាក់ព័ន្ធនឹងអាពាហ៍ពិពាហ៍។ មាត្រា ៩៥៨ នៃក្រមរដ្ឋប្បវេណី កថាខណ្ឌទី១ បានបង្ហាញពីមូលហេតុមោឃភាពនៃអាពាហ៍ពិពាហ៍ ដោយសារបញ្ហា (១)គ្មានឆន្ទៈរៀបអាពាហ៍ពិពាហ៍ (២)ការភ័ន្តច្រឡំលើមនុស្ស (៣) ការបង្ខំ (៤)មូលហេតុផ្សេងទៀត។ ចំណែកកថាខណ្ឌទី២ នៃមាត្រាដដែលនេះ បានបញ្ជាក់អំពីចំណុចសំខាន់បន្ថែមមួយទៀតថា ក្នុងករណីភាគីមិនបានដាក់ពាក្យសុំ ការប្រកាសជូនដំណឹងជាសាធារណៈ ការចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ និងការចុះបញ្ជីអាពាហ៍ពិពាហ៍ គឹត្រូវបានចាត់ទុកថាមោឃដូចគ្នា។ ចំពោះមូលហេតុមោឃភាពអាពាហ៍ពិពាហ៍ដោយបញ្ហាគ្មានឆន្ទៈ ដោយហេតុតែបានផ្ទុយនឹងគោលការណ៍នៃការបង្ហាញឆន្ទៈរបស់ភាគី មានន័យថាការរៀបអាពាហ៍ពិពាហ៍ត្រូវធ្វើឡើងស្របទៅតាមឆន្ទៈនៃការព្រមព្រៀងថានឹងរួមរស់នៅជាមួយគ្នា។ ហើយបញ្ហានៃការភាន់ច្រឡំលើមនុស្ស វាកើតចេញពីស្ថានភាពករណីកូនភ្លោះ ដែលធ្វើឱ្យមិនអាចបែងចែកបានជាដើម។ ចំពោះការបង្ខំវិញ សុទ្ធសឹងតែជាសកម្មភាពដែលផ្ទុយនឹងគោលការណ៍ច្បាប់ ជាក់ស្តែងមាត្រា ២៣ នៃច្បាប់ស្តីពីអាពាហ៍ពិពាហ៍ និងគ្រួសារ បានបញ្ជាក់ថា អាពាហ៍ពិពាហ៍នឹងត្រូវបានចាត់ទុកជាមោឃភាពកាលបើសហព័ទ្ធណាម្នា្កក់បានប្តឹងថា ខ្លួនត្រូវបានគេបង្ខំឱ្យរៀបអាពាហ៍ពិពាហ៍ ហើយការប្តឹងនេះនឹងត្រូវបានផុតអាជ្ញាកាលក្នុងរយៈពេល ៦ខែ គិតចាប់ពីថ្ងៃដែលគេលែងបង្ខំ។ មូលហេតុផ្សេងពីនេះ យើងឃើញមាត្រា ២១ នៃច្បាប់ស្តីច្បាប់ស្តីពីអាពាហ៍ពិពាហ៍ និងគ្រួសារ បានចាត់ទុកថានាំឱ្យមាន ការមោឃអាពាហ៍ពិពាហ៍ដូចគ្នា គឺពេលចុះបញ្ចីអាពាហ៍ពិពាហ៍ក្នុងស្ថានភាពដែលសហព័ទ្ធណាម្នាក់ស្ថិតក្នុងស្ថានភាពឆ្កួត ឬមិនដឹងខុសត្រូវ។ ប៉ុន្តែករណីដែលស្ថានភាពដែលសហព័ទ្ធនោះបានស្រួលបួលឡើងវិញ នោះមូលហេតុនៃការមោឃភាពត្រូវរលាយទៅវិញ។

         ៣.២.ការលុបចោលអាពាហ៍ពិពាហ៍

            ការលុបចោលអាពាហ៍ពិពាហ៍ គឺជាសកម្មភាពដែលអាពាហ៍ពិពាហ៍បានកើតមានឡើងផ្ទុយនឹងបញ្ញត្តិច្បាប់។យោងតាមក្រមរដ្ឋប្បវេណីបច្ចុប្បន្ននេះបានរំលេចឱ្យឃើញអំពី ប្រភេទនៃការលុបចោលអាពាហ៍ពិពាហ៍ ត្រូវបានបែងចែកជាពីរប្រភេទគឺ (១)ការលុបចោលដោយមូលហេតុផលប្រយោជន៍សាធារណៈ ដូចជា មិនទាន់គ្រប់អាយុរៀបអាពាហ៍ពិពាហ៍(មាត្រា ៩៤៨) សកម្មភាពទ្វេពន្ធភាព(មាត្រា ៩៤៩) អាពាហ៍ពិពាហ៍ដែលធ្វើឡើងក្នុងកំឡុងពេលហាមឃាត់(មាត្រា ៩៥០) អាពាហ៍ពិពាហ៍រវាងថ្នាក់ញាតិជិត(មាត្រា ៩៥១ ដល់មាត្រា ៩៥៣)។(២) ចំណែកប្រភេទទី២គឺជាមូលហេតុដែលមានលក្ខណៈជាផលប្រយោជន៍ឯកជន ដូចជាការគម្រាមកំហែង ការឆបោក ជាដើម (មាត្រា ៩៦៣)។ ការឆបោក ឬការគម្រាមកំហែងទៅការធ្វើឱ្យភាគីម្ចាងទៀត យល់ព្រមរៀបអាពាហ៍ពិពាហ៍ដោយមធ្យោយយ៉ាងខ្លាំងក្លាមួយដែលខុសច្បាប់ ដោយការបោកប្រាស់ឱ្យជននោះធ្លាក់ទៅក្នុងការភាន់ច្រឡំ ឬការធ្វើឱ្យជននោះធ្វើតាម ដោយការជូនដំណឹងអំពីភាពអាក្រក់ទៅភាគីម្ចាងទៀត។ ការឆបោក ឬការគម្រាមត្រូវមានភាពចាំបាច់ផ្ទុយច្បាប់ដែលមានកម្រិតខ្ពស់។ វាអាចមានករណីដូចជាអាពាហ៍ពិពាហ៍ដែលត្រូវបានកើតឡើង ដោយមធ្យោបាយដែលត្រូវបានប្រើប្រាស់ដែលមានលក្ខណៈឆបោក ពាក់ព័ន្ធទៅនឹងអសមត្ថភាពផ្លូវភេទ ឬចំណុចសំខាន់ ផ្សេងទៀតជាសត្យានុម័ត ឬជាអត្តនោម័ត ឬដោយពាក្យសម្តី ឬដោយអំពើគម្រាមកំហែង ជាដើម។ ដោយសារការឆបោក ឬការគម្រាកកំហែងគឺជាមូលហេតុនៃការលុបចោលដែលមានលក្ខណៈជាផលប្រយោជន៍ឯកជន សិទ្ធិលុបចោលត្រូវរលត់ នៅពេលមានការធ្វើសច្ចានុម័ត ឬក្នុងអំឡុងពេល ៣ខែ គិតចាប់ពីភាគីបានរកឃើញការឆបោក ឬរួចខ្លួនផុតពីការគម្រាមបានកន្លងផុតទៅ[3]។ 


យោង៖

[1] វចនានុក្រមខ្មែរ សុជាតិវិទ្យា (១) វិធីសាស្រ្តជួយសម្រួលក្នុងការបង្កើតកូនបានល្អ ព្រមទាំងផ្លល់លើការថែទាំបីបាច់រក្សា អាហារូបត្ថម្ភ។ (២)វិធីសាស្រ្តជួយដល់សង្គមមនុស្សជាតិដើម្បីកាត់បន្ថយនូវអំពើឧក្រិដ្ឋ និងកាត់បន្ថយភាពក្រីក្រ។ ចំណែកក្រមរដ្ឋប្បវេណី មាត្រា ៩៥១ នៅក្នុងខ្លឹមសារសេចក្តីកំណត់ពន្យល់មាត្រានីមួយបាន សំដៅដល់បញ្ហា ការចុះខ្សោយនៃជាតិពន្ធុ ឬពិការភាពនៃកូនដែលកើតមក ដោយមូលហេតុការរៀបការជាមួយសាច់សារលិហិតខ្លួនឯង។

[2] មាត្រា ២៦ នៃក្រមរដ្ឋប្បវេណី

[3] ដកស្រង់ចេញពីខ្លឹមសារកំណត់ពន្យល់មាត្រានីមួយនៃក្រមរដ្ឋប្បវេណី មាត្រា ៩៦៤។

រក្សាសិទ្ធិដោយ៖ អាជ្ញាក្រម