14 កក្កដា 2025
១.និយមន័យ “ភតិសន្យា” (មាត្រា ៥៩៦ នៃក្រមរដ្ឋប្បវេណី)
ភតិសន្យា សំដៅទៅលើកិច្ចសន្យាមួយដែលភាគីម្ខាង ឱ្យភាគីម្ខាងទៀតប្រើប្រាស់ និង អាស្រ័យផលពីវត្ថុណាមួយ ដោយយកថ្លៃ ។ វត្ថុ ដែលជាកម្មវត្ថុនៃភតិសន្យាមាន ចលនវត្ថុ និង អចលនវត្ថុ ។
តាមក្រមរដ្ឋប្បវេណីសង្គមចាស់១៩៦៧ មាត្រា ១០៩៩ បានឱ្យអត្ថន័យថា កិច្ចសន្យា ជួលជាកិច្ចសន្យាដែលជនណាម្នាក់ សន្យាថានឹងផ្តល់ទៅឲ្យជនណាម្នាក់ទៀតនូវវត្ថុណាមួយ ដើម្បី ប្រើប្រាស់ក្នុងពេលមានកំណត់ដោយឲ្យថ្លៃតាមសមាមាត្រនៃពេល ។
២.ការបង្កើត “ភតិសន្យា” (មាត្រា ៥៩៧ នៃក្រមរដ្ឋប្បវេណី)
ភតិសន្យា ត្រូវមានអានុភាព ដោយភាគីម្ខាង សន្យាថាឱ្យភាគីម្ខាងទៀតប្រើប្រាស់ និងអាស្រ័យផល ពីវត្ថុណាមួយ ចំណែកឯភាគីម្ខាងទៀត សន្យាថាបង់ថ្លៃឈ្នួលចំពោះវត្ថុនោះ។ ភតិសន្យា គឺជាកិច្ចសន្យាអញ្ញមញ្ញ ហើយជាកិច្ចសន្យាដែលមានតម្លៃថ្នូរ(កិច្ចសន្យាមូលា) ព្រមទាំងជាកិច្ចសន្យាដែលត្រូវបានបង្កើតដោយកិច្ចព្រមព្រៀងតែប៉ុណ្ណោះ។ កិច្ចសន្យានេះចាំបាច់ត្រូវតែកំណត់ថ្លៃឈ្នួល។ ច្បាប់កំណត់ថា ទោះបីជាពុំបានកំណត់ថ្លៃឈ្នួលកំឡុងពេលជួលក៏ដោយ ក៏ភតិសន្យានេះមានសុពលភាពដែរ។ ក្នុងករណីនេះ យោងតាមមាត្រា ៦១៥ នៃក្រមនេះ ភាគីនីមួយៗអាចស្នើសុំឱ្យរំលាយភតិសន្យាពេលណាក៏បានដែរ ហើយបន្ទាប់ពីអំឡុងពេលកំណត់មួយ បានកន្លងផុតក្រោយការស្នើសុំនេះ ភតិសន្យានឹងត្រូវបានបញ្ចប់។
៣.លក្ខខណ្ឌតតាំងនៃភតិសន្យា
លក្ខខណ្ឌតតាំង ជាលក្ខខណ្ឌមួយដែលកំណត់ដោយច្បាប់ ដើម្បីអាចតតាំងជាមួយតតិយជនបាន គូភាគីត្រូវតែបំពេញលក្ខខណ្ឌនេះ ។ លក្ខខណ្ឌតតាំងមិនមែន ជាលក្ខខណ្ឌសុពលភាពនៃកិច្ចសន្យានោះទេ តែវាជាលក្ខខណ្ឌ ដែលអនុញ្ញាតិអោយគូភាគីអាចយកមកតតាំងចំពោះ តតិយជន ជនទុច្ចរិត ដែលមកអះអាងនៅសិទ្ធិរបស់ខ្លួនចំពោះវត្ថុដែលបានប្រគល់នោះ ។
តាមមាត្រា ១៣៥ នៃក្រមរដ្ឋប្បវេណី ការផ្ទេរសិទ្ធិលើអចលនវត្ថុ ដែលមានអានុភាពពេញលេញ ហើយយកទៅតតាំងបានចំពោះគ្រប់តតិយជននោះ ទាល់តែការផ្ទេរកម្មសិទ្ធិ លើអចលនវត្ថុ ត្រូវធ្វើការចុះបញ្ជីអោយស្របតាមបញ្ញត្តិរបស់ច្បាប់ ។ តាមមាត្រានេះ មានន័យថា កាលណាការទិញ លក់អចលនវត្ថុ ដោយគ្រាន់តែធ្វើឡើង តាមការព្រមព្រៀងវាមានសុពលភាព តែមិនអាចយកកិច្ចសន្យា នោះទៅធ្វើការតតាំង ឬ អះអាងចំពោះតតិយជនដែលបានមកធ្វើការទាមទារ សិទ្ធិរបស់ខ្លួនចំពោះ វត្ថុនោះបានឡើយ ។
៣.១.លក្ខខណ្ឌតតាំងនៃសិទ្ធិជួលអចលនវត្ថុ (មាត្រា ៥៩៨ នៃក្រមរដ្ឋប្បវេណី)
ភតិសន្យា គឺគ្រាន់តែជាកិច្ចសន្យាមួយ ដែលភតិកៈ អាចអះអាងពីសិទ្ធិប្រើប្រាស់ និង អាស្រ័យផលរបស់ខ្លួន បានតែចំពោះភតិបតី ប៉ុណ្ណោះ ។ ភតិកៈ ដែលកំពុងតែកាន់កាប់វត្ថុជួល អាចអនុវត្តសិទ្ធិទាមទារឱ្យប្រគល់វិញ សិទ្ធិទាមទារឱ្យបញ្ឈប់ការរារាំង និង សិទ្ធិទាមទារឱ្យបង្ការជាមុន នូវការរារាំង ចំពោះការបំពានសិទ្ធិជួល ដូចសិទ្ធិដែលកម្មសិទ្ធករមាន ។
៣.២.រយៈពេលនៃភតិសន្យា (មាត្រា ៥៩៩ នៃក្រមរដ្ឋប្បវេណី)
ភតិសន្យា អាចធ្វើឡើងដោយកំណត់ ឬ មិនកំណត់អំឡុងពេលបាន ។ ភតិសន្យាអចលនវត្ថុ ដែលមិនបានធ្វើជាលាយល័ក្ខណ៍អក្សរ ត្រូវចាត់ទុកថាជា ភតិសន្យា ដែលគ្មានកំណត់អំឡុងពេល ។ ភតិសន្យាគ្មានកំណត់អំឡុងពេល គឺរយៈពេលនៃការជួល មិនអាចលើសពី ១៥ ឆ្នាំ ទេ។ ដូច្នេះ ភតិសន្យា មិនមានកំណត់រយៈពេលជានិរន្តន៍ ឬ អស់មួយជីវិតបានទេ នៅក្នុងករណី បើមានការចែងថាភតិសន្យាមានរយៈពេលជានិរន្តន៍ កិច្ចសន្យានោះត្រូវចាត់ទុកជាមោឃៈ។ កិច្ចសន្យាជួលមិនមានរយៈពេលកំណត់ គឺអាចបន្តការជួលរយៈពេលសារជាថ្មីបាន បង្កើត បានជាទំនាក់ទំនងផ្ទាល់ខ្លួនរវាងភតិសន្យាបតី និងអ្នកជួល។
កិច្ចសន្យាជួលរយៈពេលខ្លី គឺអាចបន្តជួលជាថ្មីបានបង្កើតបានជាទំនាក់ទំនងផ្ទាល់ខ្លួនរវាងភតិ សន្យាបតី និងអ្នកជួល។ ការជួលអចលនវត្ថុ ដែលមានកំណត់អំឡុងពេលចាប់ពី ១៥ឆ្នាំឡើងទៅត្រូវចុះបញ្ជី ប្រសិនបើមិនបានចុះបញ្ជី ទេនោះការជួលនោះមានអានុភាពជាកិច្ចសន្យាជួលមានរយៈពេល ១៥ ឆ្នាំ។ ភតិសន្យាអចលនវត្ថុដែលមានកំណត់អំឡុងពេលចាប់ពី ១៥ឆ្នាំ ឡើងទៅត្រូវធ្វើជាលាយ លក្ខណ៍អក្សរ ។

៤.លក្ខខណ្ឌគ្រឹះនៃភតិសន្យា
លក្ខខណ្ឌគ្រឹះ ជាលក្ខខណ្ឌដែលកំណត់ដោយច្បាប់ ហើយបើគូភាគីមិនបានបំពេញលក្ខខណ្ឌនោះទេ វានាំអោយកិច្ចសន្យានោះគ្មានសុពលភាពបានឡើយ ។ គេអាចនិយាយបានថា លក្ខខណ្ឌគ្រឹះ ជាបទប្បញ្ញត្តិដោយបង្ខំ ព្រោះច្បាប់មិនអនុញ្ញាតអោយមានការព្រមព្រៀងណាធ្វើ ឡើងផ្ទុយពីបទប្បញ្ញត្តិនេះបានឡើយ ។
តាមក្រឹត្យច្បាប់លេខ ៣៨ ស្តីពីកិច្ចសន្យា និង ការទទួលខុសត្រូវ ១៩៨៨ មាត្រា៣ បានចែងអំពី លក្ខខណ្ឌសុពលភាពនៃកិច្ចសន្យា ។ ដើម្បីអោយកិច្ចសន្យាមួយមានសុពលភាព ទាល់តែកិច្ចសន្យានោះ កើតចេញពីការព្រមព្រៀងដោយសេរី និង ពិតប្រាកដ កើតពីបុគ្គលដែលមានសមត្ថភាព និង មានកម្មវត្ថុស្របច្បាប់ ។ តាមមាត្រានេះ មានន័យថា គ្មានកិច្ចសន្យាណាមួយ មានសុពលភាពបានឡើយ បើកិច្ចសន្យានេះមិនបំពេញតាមលក្ខខណ្ឌដែលបានកំណត់នេះ ដែលនេះគេហៅ ថា លក្ខខណ្ឌគ្រឹះ ។
កិច្ចសន្យាគឺជាឆន្ទៈព្រមព្រៀងរវាងបុគ្គលពីរនាក់ ឬច្រើននាក់ដើម្បីបង្កើតកែប្រែ ឬរំលត់កាតព្វកិច្ចមួយ ឬច្រើនដែលទាក់ទងនឹងខ្លួន។
កិច្ចសន្យាជួល ក៏ដូចជាកិច្ចសន្យាដទៃទៀតដែរ ត្រូវគោរពនូវលក្ខខណ្ឌសុពលភាពដែលមានចែ ងក្នុងមាត្រា៣នៃក្រឹត្យច្បាប់៣៨ ស្តីពីកិច្ចសន្យា និងការទទួលខុសត្រូវក្រៅកិច្ចសន្យា មានដូចជា៖
ក.កិច្ចសន្យាត្រូវកើតចេញពីការព្រមព្រៀងពិតប្រាកដ និងដោយសេរីភាព
ខ.កិច្ចសន្យាត្រូវកើតចេញពីជនដែលមានសមត្ថភាពចុះកិច្ចសន្យាមានកម្មវត្ថុមួយជាក់លាក់ ដែលអាចធ្វើកើត និងស្របច្បាប់ របៀបរៀបរយសាធារណៈ ឬទំនៀមទម្លាប់ ល្អប្រពៃ។
៤.១.ការព្រមព្រៀងពិតប្រាកដ និងសេរី
កិច្ចសន្យាដែលកើតចេញពីការព្រមព្រៀងពិតប្រាកដ និងសេរី មានន័យថា កិច្ចសន្យានោះ ធ្វើឡើង ដោយភាគីទាំងពីរបានព្រមព្រៀងគ្នា ដោយគ្មានការប្រើអំពើហិង្សា បន្លំបោកប្រាស់ និង ភាន់ច្រឡំទេ ។ នៅក្នុងករណីបើ កិច្ចសន្យា ណាមួយដែលកើតពីការព្រមព្រៀងមិនត្រឹមត្រូវ ឬពិតប្រាកដ និងមិនដោយសេរីទេ កិច្ចសន្យានោះត្រូវ គិតជាមោឃៈដាច់ខាត។
-អំពើហិង្សា ៖ គឺជាការប្រើអំពើណាមួយ ដែលបង្ខំទៅលើរូបរាងកាយ ឬផ្លូវចិត្តទៅលើបុគ្គល ណាមួយដើម្បីឱ្យមានការចុះកិច្ចសន្យា ។ ដូច្នេះ អំពើហិង្សា ដែលជាមូលហេតុមោឃភាពនៃកិច្ចសន្យាបាន កាលណាអំពើហិង្សានោះ ជាការគំរាមកំហែង និងបង្ខិតបង្ខំតាមផ្លូវកាយ ឬ ផ្លូវចិត្ត ប្រព្រឹត្ត ទៅលើភាគីណាមួយ ឬទៅលើប្តី ឬប្រពន្ធ បុព្វញាតិ ឬបច្ឆាញាតិណាមួយរបស់ភាគីនោះ។
-ការបន្លំបោកប្រាស់ ៖ ការបន្លំបោកប្រាស់ ជាមូលហេតុនៃមោឃភាពកិច្ចសន្យា កាលណាមានការ ប្រើឧបាយកល អំពើបោកបញ្ឆោត អំពើបន្លំភូតភរប្រព្រឹត្តដោយភាគីណាមួយ ដែលមានហេតុបញ្ជាក់ ច្បាស់ថា បើគ្មានកិច្ចកល្បទាំងនោះទេនោះភាគីម្ខាងទៀត ប្រាកដជាមិនធ្វើកិច្ចសន្យានោះឡើយ។
-ការភាន់ច្រឡំ ៖ គ្រប់ករណីភាន់ច្រឡំ មិនមែនសុទ្ធតែជាវិការៈ នៃការព្រមព្រៀង ដែលធ្វើឱ្យកិច្ចសន្យាមោឃភាពនោះទេ ។ ការភាន់ច្រឡំ ដែលជាមូលហេតុ មោឃភាពនៃកិច្ចសន្យា លុះត្រាតែ ការភាន់ច្រឡំទៅលើសារជាតិនៃរបស់ដែលជាកម្មវត្ថុកិច្ចសន្យា។
៤.២.សមត្ថភាពរបស់ភាគី
ជនដែលមានអាយុគ្រប់១៨ឆ្នាំ ដែលច្បាប់ហៅថា នីតិជន អាចធ្វើកិច្ចសន្យាបានគ្រប់ពេលវេលាទាំងអស់ ពីព្រោះជននេះ ច្បាប់បានប្រគល់សិទ្ធិ និងទទួលនូវកាតព្វកិច្ច សំរាប់អនុវត្តនៅក្នុងជីវភាពរស់នៅ។ អនីតិជនមានអាយុក្រោម ១៨ឆ្នាំ ជាអសមត្ថជនមិនអាចធ្វើឱ្យកើតសិទ្ធិ ឬករណីកិច្ចនានា ជាពិសេសមិនអាចចុះកិច្ចសន្យា ដោយគ្មានការយល់ព្រមពីអាណាព្យាបាលស្របច្បាប់របស់ខ្លួនបានឡើយ ។ កិច្ចសន្យាដែលធ្វើដោយនីតិជន ដែលគ្មានការយល់ព្រមពីអាណាព្យាបាល នៅមុនពេលចុះកិច្ចសន្យា នឹងអាចយកទៅអនុវត្តបាន លុះត្រាតែអាណាព្យាបាលបានឯកភាពលើកិច្ចសន្យានោះ ក្រោយពេលដែលអនីតិជននោះចុះកិច្ចសន្យារួច ។ ដូច្នេះភាគីដែលចុះកិច្ចសន្យា ជាមួយជនដែល អសមត្ថភាពមិនអាចដោះសារដើម្បីគេចកែពីកាតព្វកិច្ចនៃកិច្ចសន្យាជាមួយ នឹងខ្លួនជា អសមត្ថជនបានឡើយ ។
សរុបមកគ្រប់បុគ្គលដែលមានអាយុ ១៨ ឆ្នាំច្បាប់បានកំណត់ថា ជានីតិជនដែលមានសមត្ថភាពលើកលែងតែជនគំហាត់ ដែលច្បាប់បានកំណត់ថាជនទាំងនោះជាសមត្ថជនទោះបីជាជននោះ មានអាយុគ្រប់ ១៨ឆ្នាំក៏ដោយ ក៏មិនអាចចុះកិច្ចសន្យាដែរ។
សមត្ថភាពភតិបតីដែលអាចជួលវត្ថុបានលុះត្រាតែជា ៖
- កម្មសិទ្ធិនៃវត្ថុ ៖ កម្មសិទ្ធិនៃទ្រព្យអាចជួលទ្រព្យខ្លួនដោយសេរី។
- ផលុបភោគី ៖ ផលុបភោគី អាចអាចធ្វើការជួលនូវទ្រព្យសម្បត្តិដែលខ្លួនអាស្រ័យ ផលនោះបាន ប៉ុន្តែការជួលនេះ មិនត្រូវធ្វើកិច្ចសន្យាឱ្យហួសរយៈពេល ៣ ឆ្នាំឡើយ ។ ក្នុងករណីបើផលុបភោគី ចង់បន្តជួលនូវទ្រព្យសម្បត្តិដែលខ្លួនអាស្រ័យផល កិច្ចសន្យាជួលថ្មីនោះត្រូវតែបញ្ចប់មុនពេល មួយឆ្នាំ នៃថ្ងៃចប់កិច្ចសន្យាផលុបភោគ។
ភតិកៈ ប្រសិនបើ មានការព្រមព្រៀង ឬ អនុញ្ញាតពីកម្មសិទ្ធិករ ៖ ភតិកៈ អាចជួល ទ្រព្យសម្បត្តិ ឬវត្ថុដែលខ្លួនជួលនោះ លុះត្រាតែមានការព្រមព្រៀងដោយជាក់លាក់ ឬអនុញ្ញាតពីកម្មសិទ្ធិករឬអ្នកជួល ។ ភតិកៈ ត្រូវតែជាបុគ្គលដែលមានសមត្ថភាព ក្នុងការបំពេញលិខិតគតិយុត្តិ មានន័យថាជា បុគ្គលនីតិជន មានអាយុ ១៨ឆ្នាំ តាមច្បាប់កំណត់ ប៉ុន្តែមិនមែនជាជនគំហាត់ដែលច្បាប់បានចាត់ទុកជាជនអសមត្ថភាពនេះទេ។
៤.៣.កម្មវត្ថុនៃភតិសន្យា
កម្មវត្ថុនៃកិច្ចសន្យាជួលមានដូចខាងក្រោម ៖
- វត្ថុ ៖ វត្ថុក្នុងកិច្ចសន្យាជួល ក៏ដូចជាវត្ថុក្នុងកិច្ចសន្យាដទៃទៀតដែរ ត្រូវតែជាវត្ថុមួយដែល ជាក់លាក់ អាចធ្វើកើតស្របច្បាប់ និងរបៀបរៀបរយសាធារណៈ ឬទំនៀមទំលាប់ល្អប្រពៃ។ វត្ថុត្រូវតែជាវត្ថុដែលស្ថិតក្នុងពាណិជ្ជកម្ម មិនអាចកើត ឬស្របច្បាប់ របៀបរៀបរយសាធារណៈ និងទំនៀមទម្លាប់ប្រពៃណី នោះកិច្ចសន្យាជួល ដែលត្រូវបានធ្វើឡើងត្រូវចាត់ទុកជាមោឃៈ។
វត្ថុក្នុងកិច្ចសន្យាជួលមានពីរប្រភេទ ដូចខាងក្រោម ៖
- ចលនវត្ថុ ៖ គឺជាវត្ថុដែលអាចផ្លាស់ប្តូរទីកន្លែងបាន។ ឧ. កង់ ម៉ូតូ ឡាន សៀវភៅ តុ កៅអី ជាដើម ។ល។
- អចលនវត្ថុ ៖ គឺជាវត្ថុដែលមានស្ថានភាពជាប់នឹងកន្លែងតែមួយ កម្រើកមិនកើត ឬ មិនអាចផ្លាស់ប្តូរទីកន្លែងបាន។ ឧ. ដី ផ្ទះ អគារ សំណង់ ជាដើម។ល។
ក្រឹត្យច្បាប់លេខ៣៨ មានចែងទាំងការជួលអចលនវត្ថុ និងចលនវត្ថុ ។ ម្ចាស់ចលនវត្ថុ ឬ អចលនវត្ថុ គឺហៅថាអ្នកជួល។ ក្រមរដ្ឋប្បវេណី ភតិសន្យា សំដៅទៅលើកិច្ចសន្យាមួយ ដែលភាគីម្ខាងឱ្យភាគីម្ខាងទៀតប្រើ ប្រាស់ និងអាស្រ័យផលពីវត្ថុណាមួយដោយយកថ្លៃ។ វត្ថុ ដែលជាកម្មវត្ថុនៃភតិសន្យាមានចលនវត្ថុនិង អចលនវត្ថុ ។ ម្ចាស់អលនវត្ថុ ឬចលនវត្ថុដែលដាក់ជូនឱ្យអ្នកដទៃ គឺហៅថា ភតិបតី និងអ្នកជួល ចលនវត្ថុ ឬ អចលនវត្ថុហៅថា ភតិកៈ។
សរុបមកយើងឃើញថា ច្បាប់ទាំងបី គឺក្រឹត្យច្បាប់លេខ ៣៨ ច្បាប់ភូមិបាល ឆ្នាំ២០០១ និង ក្រមរដ្ឋប្បវេណី មានភាពខុសប្លែកគ្នាក្នុងការប្រើប្រាស់ពាក្យបច្ចេកទេសក្នុងការហៅកិច្ចសន្យានេះ។
-ប្រាក់ឈ្នួល ៖ គឺជាធាតុសំខាន់ក្នុងកិច្ចសន្យាជួល ពីព្រោះថាមិនមែនជាកិច្ចសន្យាជួលនោះ ទេ ប្រសិនបើ ការជួលនោះមិនបានយកឈ្នួលលើវត្ថុដែលដាក់ជួលនោះ ។ កាលណាបើ យើងឱ្យវត្ថុ ប្រើប្រាស់ជនណាម្នាក់ដោយមិនបានយកប្រាក់ឈ្នួល ឬកម្រៃលើវត្ថុនោះ គឺជាការឱ្យខ្ចីទៅវិញ។
នៅក្នុងច្បាប់មិនបានចែង ឬកំណត់ឱ្យបានច្បាស់លាស់អំពីប្រាក់ឈ្នួលនោះទេ ដូច្នេះគូភាគីនៃកិច្ចសន្យាជួលមានសិទ្ធិសេរីភាពពេញលេញក្នុងការកំណត់ប្រាក់ឈ្នួល និងរយៈពេលនៃការកំណត់ប្រាក់ឈ្នួល នៅក្នុងកិច្ចសន្យាដែលបានព្រមព្រៀងជាមួយគ្នា។ ជាទូទៅប្រាក់ឈ្នួល ដែលបានមកពីការជួលអចលនវត្ថុ ឬចលនវត្ថុអាចគិតជាទឹកប្រាក់ ឬវត្ថុណាមួយ ដែលមានតំលៃស្មើ។ ចំពោះការបង់ប្រាក់ឈ្នួលវិញ គឺអាចបង់ជាម៉ោង ជាថ្ងៃ ជាអាទិត្យ ជាខែ ជាឆ្នាំ ឬបង់ផ្តាច់តែម្តងក៏បាន។
ក្នុងករណី កិច្ចសន្យាមិនបានកំណត់ពេលវេលានៃការបង់ប្រាក់ឈ្នួល ចំពោះចលនវត្ថុ និងផ្ទះ ឬអគារ ត្រូវបង់ជារៀងរាល់ចុងខែ។ រីឯចំពោះដីធ្លីវិញ ត្រូវបង់នៅរៀងរាល់ចុងឆ្នាំ។ ប៉ុន្តែចំពោះវត្ថុដែលមាន រដូវប្រមូលផល ត្រូវបង់នៅពេលដែលរដូវប្រមូលផលនោះ កន្លងផុតទៅ ដោយគ្មានការយឺតយាវ ។
៥.លក្ខខណ្ឌទម្រង់នៃភតិសន្យា
លក្ខខណ្ឌទម្រង់នៃកិច្ចសន្យាជួលមានសារសំខាន់ណាស់ ដែលតម្រូវឱ្យភាគីនីមួយៗគោរពតាម និងប្រតិបត្តិតាមច្បាប់ជាធរមាន ពីព្រោះថានៅពេលភាគីមិនគោរពកិច្ចសន្យា ឬធ្វេសប្រហែសមិនបានបំពេញតាមទម្រង់ត្រឹមត្រូវ នោះអាចជាកត្តាមួយដែលនាំឱ្យគូភាគីនៃកិច្ចសន្យាខូចប្រយោជន៍ជា មិនខាន ។ ម្យ៉ាងវិញទៀត ការកំណត់ទម្រង់កិច្ចសន្យាជួល មានភាពពាក់ព័ន្ធនឹងលក្ខខណ្ឌសុពលភាពរបស់កិច្ចសន្យានេះ ដែរ។ តាមក្រឹមច្បាប់លេខ ៣៨ មាត្រា ១០១ បានចែងពីលក្ខខណ្ឌទម្រង់នៃ កិច្ចសន្យាជួលចលនវត្ថុ ថាកិច្ចសន្យា ជួលចលនវត្ថុ ដែលមានរយៈពេលកំណត់លើសពី ១ឆ្នាំ ត្រូវធ្វើជាលាយល័ក្ខអក្សរ។
ប្រសិនបើ កិច្ចសន្យាជួលចលនវត្ថុធ្វើឡើងដោយគ្មានសំបុត្រស្នាម ឬជាលាយល័ក្ខអក្សរបាន នោះទេ ភាគីម្ខាងប្រកែកបន្ទាល់ការជួលអចលនវត្ថុនេះ នឹងយកសំអាងសាក្សីមកបញ្ជាក់លុះត្រាតែ កិច្ចសន្យានៃការជួលនោះមានរយៈពេលត្រឹមតែ ១ ឆ្នាំប៉ុណ្ណោះ។ ដូច្នេះ កិច្ចសន្យាជួលអចលនវត្ថុមាន រយៈពេលកំណត់លើសពី១ឆ្នាំឡើងទៅ ដែលមិនបានធ្វើជាលាយល័ក្ខអក្សរ ប្រសិនបើភាគីណាមួយ ចង់ប្រកែក ឬកែប្រែនោះភាគីម្ខាងទៀត មិនអាចយកសាក្សីមកសំអាងលើការជួលនេះទេ។
តាមក្រឹត្យច្បាប់លេខ ៣៨ យើងអាចសន្និដ្ឋានបានថាលក្ខខណ្ឌទម្រង់នៃ កិច្ចសន្យាជួលចលន វត្ថុមិនតម្រូវធ្វើការជាលាយល័ក្ខអក្សរ ទើបមានសុពលភាពនោះទេ ព្រោះថាការដែលមិនធ្វើកិច្ចសន្យាជាលាយល័ក្ខអក្សរចំពោះ កិច្ចសន្យាជួលអចនវត្ថុមានរយៈពេលលើសពី ១ឆ្នាំ គ្រាន់តែធ្វើ ជាគូភាគីពុំមានលទ្ធភាពនឹង រកភស្តុតាងមកបញ្ជាក់ ឬអះអាងពីការចុះកិច្ចសន្យាជួលនោះ។
ក្រមរដ្ឋប្បវេណី មិនបានចែងពីលក្ខខណ្ឌទម្រង់នៃកិច្ចសន្យាជួលអចលនវត្ថុទេ ដូច្នេះយើង មិនដឹងថា កិច្ចសន្យាជួលអចលនវត្ថុត្រូវតែធ្វើជាលាយល័ក្ខអក្សរ ឬ អាចធ្វើផ្ទាល់មាត់ ដោយមិនធ្វើលិខិតស្នាមក៏បាន។
៥.១.កិច្ចសន្យាជួលអចលនវត្ថុ (មាត្រា ១០៩ នៃច្បាប់ភូមិបាល)
តាមច្បាប់ភូមិបាល ឆ្នាំ២០០១ មាត្រា១០៩ វាក្យខ័ណ្ឌ ២បានចែងថា កិច្ចសន្យាជួល អចលន វត្ថុ ឬភតិសន្យា ត្រូវធ្វើឡើងជាលាយល័ក្ខអក្សរ។ ភតិសន្យា ដែលធ្វើឡើងដោយផ្ទាល់មាត់ ត្រូវទុកជាបណ្តោះអាសន្ន ហើយត្រូវបានបញ្ឈប់នៅគ្រប់ពេល ដោយជូនដំណឹងមុនក្នុងរយៈពេលស្មើនឹង រយៈពេលបង់ប្រាក់ឈ្នួល។
តាមច្បាប់ភូមិបាល ឆ្នាំ២០០១ មាត្រាខាងលើកិច្ចសន្យាជួលអចលនវត្ថុមិនមែនជាកិច្ចសន្យា ឱឡារិកនោះទេ ពីព្រោះច្បាប់មិនបានតម្រូវអោយធ្វើជាលាយល័ក្ខអក្សរ ដើម្បីធ្វើឱ្យមានសុពលភាពទេ ។ ដូច្នេះនៃកិច្ចសន្យាជួល អចលនវត្ថុអាចធ្វើជាលាយល័ក្ខអក្សរ ឬធ្វើផ្ទាល់មាត់ (មិនធ្វើជាលាយល័ក្ខអក្សរវាក៏បាន ប៉ុន្តែបើភាគីជ្រើសរើស យកកិច្ចសន្យាមិនលាយល័ក្ខអក្សរ នោះនឹងធ្វើឱ្យកិច្ចសន្យាជួលនោះមានលក្ខណៈផុយស្រួយ ឬងាយនឹងឱ្យភាគីម្ខាងទៀតបញ្ចប់កិច្ចសន្យាដោយសេរី ដែលបណ្តាលឱ្យមានការខូចប្រយោជន៍ជាច្រើន។
ចំពោះក្រមរដ្ឋប្បវេណី មាត្រា ៥៩៦ ចំណុចទី ២ វិញ ភតិសន្យាអចលនវត្ថុ ដែលមិនបានធ្វើជាលាយល័ក្ខអក្សរត្រូវបានចាត់ទុកជា ភតិសន្យាដែលគ្មានកំណត់កំឡុងពេល ។ កិច្ចសន្យាជួលអចលនវត្ថុមិនមានកំណត់រយៈពេល កិច្ចសន្យាជួលនោះ នឹងត្រូវបានរំលាយ នៅពេលណាក៏បាន នៅពេលភាគីណាមួយរំលាយកិច្ចសន្យា។
តាមច្បាប់ភូមិបាល ឆ្នាំ២០០១ និងក្រមរដ្ឋប្បវេណី មានភាពខុសគ្នាពីព្រោះ បើច្បាប់ភូមិបាល ឆ្នាំ ២០០១ ភតិសន្យាដែលមិនបានធ្វើជាលាយល័ក្ខអក្សរត្រូវទុកជា បណ្តោះអាសន្ន ហើយអាចត្រូវបានបញ្ចប់នៅគ្រប់ពេល ដោយជូនដំណឹងជាមុនក្នុងរយៈពេលបង់ប្រាក់ឈ្នួល ប៉ុន្តែ តាមក្រមរដ្ឋប្បវេណី គឺភតិសន្យាដែលមិនបានធ្វើលាយល័ក្ខអក្សរ ត្រូវចាត់ទុកជាភតិសន្យា ដែលគ្មានកំណត់រយៈពេល ដែលកិច្ចសន្យាត្រូវរំលាយពេលណាក៏បាន នៅពេលភាគីណាមួយរំលាយកិច្ចសន្យា ។ ម្យ៉ាងវិញ ទៀតនៅក្នុងក្រមរដ្ឋប្បវេណីនេះដែរ ភតិសន្យាអចលនវត្ថុដែលមានចែងក្នុង រយៈពេលចាប់ពី ១៥ឆ្នាំ ឡើងទៅត្រូវចុះបញ្ជី តែបើមិនបានចុះបញ្ជីត្រូវមានអនុភាព ភតិសន្យា រហូតដល់គ្រប់កំឡុងពេល ១៥ឆ្នាំប៉ុណ្ណោះ។
៦.អានុភាពនៃភតិសន្យា
នៅពេលដែលភាគីជួល និងភាគីទទួលជួល បានព្រមព្រៀងគ្នាចុះកិច្ចសន្យាជួលចលនវត្ថុ ឬ អចលនវត្ថុណាមួយ កិច្ចសន្យាមានអានុភាពទៅលើភាគីទាំងសងខាងដែលតំរូវឱ្យត្រូវតែគោរពនិង ប្រតិបត្តិតាមកាតព្វកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលាដូចដែលបានចែងក្នុងកិច្ចសន្យា ។ កាតព្វកិច្ចដែលចេញមកពីកិច្ចសន្យានេះបានបង្ខំឱ្យទាំងភតិបតី និង ភតិកៈត្រូវតែ អនុវត្តនៅ ក្នុងករណីបើភាគីណាមួយមិនព្រម អនុវត្ត ឬមានចេតនាគេចវេសមិនព្រមធ្វើតាមកិច្ចសន្យាភាគីនោះ នឹងត្រូវទទួលរងទណ្ឌកម្មជាមិនខាន។
តាមក្រមរដ្ឋប្បវេណី មាត្រា ៥៩៤ បានចែងថា ភតិសន្យាត្រូវមានអានុភាព ដោយ ភាគីម្ខាង(ភតិបតី)សន្យាថាឱ្យភាគីម្ខាងទៀត(ភតិកៈ)ប្រើប្រាស់ និងអាស្រ័យផលពីវត្ថុណាមួយចំណែកឯភាគីម្ខាងទៀតសន្យាថាបង់ថ្លៃឈ្នួលចំពោះវត្ថុនោះ។

លោកប្រធានាធីបតីត្រាំ និយាយថា កងកម្លាំងសហរដ្ឋអាមេរិកចាប់វាយប្រហារទៅលើក្រុម ISIS នៅក្នុង នីហ្គឺរៀ
26 ធ្នូ 2025
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានដាក់ពាក្យបណ្តឹងរដ្ឋចំនួន៦ ជុំវិញបញ្ហាបញ្ជីឈ្មោះអ្នកបោះឆ្នោត
27 កញ្ញា 2025
ឈ្វេងយល់អំពី ការបង្កើតអាពាហ៍ពិពាហ៍
21 កញ្ញា 2025
តើអ្វីទៅជា ប្រទានកម្ម អច្ច័យទាន សន្តតិកម្ម មតកសាសន៍?
18 កញ្ញា 2025
កម្មវិធីយល់ដឹងពីច្បាប់ "បណ្តឹងតប"
18 សីហា 2025