14 កក្កដា 2025
ផ្អែកតាមក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ជាច្បាប់សារធាតុមួយដែលបានឆ្លុះបញ្ចាំងជាច្រើនអំពីទិដ្ឋភាពច្បាប់រដ្ឋប្បវេណី(ច្បាប់ស៊ីវិល)នៅក្នុងទំនាក់ទំនងពលរដ្ឋក្នុងសង្គម ដែលមានការផ្សារភ្ជាប់ទៅនឹងជីវិតរស់នៅ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណី ដែលបង្ហាញអំពីការប្រើប្រាស់សិទ្ធិ និងទំនាក់ទំនងនៃទ្រព្យសម្បត្តិ ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពរដ្ឋខ្មែរ ។ តួយ៉ាងទិដ្ឋភាពនៃការជួញដូរ ការបង្កើតនូវកិច្ចសន្យានានា នៅក្នុងជីវិតប្រចាំថ្ងៃ ជាការបង្ហាញពីការប្រើប្រាស់សិទ្ធិ និងការចាត់ចែងទ្រព្យសម្បត្តិ ដែលភាគីត្រូវមានកាតព្វកិច្ចអនុវត្ត និងប្រើប្រាស់សិទ្ធិទៅតាមផ្លូវច្បាប់ ហេតុនេះហើយគេឃើញថា ក្រមរដ្ឋប្បវេណីបានចែងអំពីប្រភេទនៃកិច្ចសន្យាសំខាន់ និងអំពើអនីត្យានុកូល ដែលបានចែងទុកក្នុងគន្ថីទី៥ ជាវិធានយ៉ាងសំខាន់ក្នុងការធានាបាននូវទំនាក់ទំនងគតិយុត្តិក្នុងការបង្កើតកិច្ចសន្យានានា ទៅតាមទម្រង់ច្បាប់។ កន្លងមកបញ្ហានៃការបង្កើតកិច្ចសន្យាខ្ចីប្រាក់(ខ្ចីបរិភោគ) បញ្ហាទាំងនោះមានដូចជា ការខ្ចីប្រាក់ដោយមិនធ្វើជាលាយលក្ខណ៍អក្សរ ការខ្ចីប្រាក់រួចកូនបំណុលមិនសងតាមកិច្ចសន្យា ……….ទាំងបានរំលេចឱ្យឃើញពីបញ្ហានៃការអនុវត្តច្បាប់ និងការយល់ដឹងអំពីច្បាប់ពាក់ព័ន្ធនឹងកិច្ចសន្យា ជាដើម។ ដើម្បីឱ្យយល់កាន់តែច្បាស់ថាអ្វីទៅជាកិច្ចសន្យាខ្ចីបរិភោគ ក្នុងនាទីចែករំលែកចំណេះដឹងពីច្បាប់របស់អាជ្ញាក្រម សូមលើកយកប្រធានបទនេះសម្រាប់ការចែករំលែកដល់មិត្តអ្នកអាន ក៏ដូចជាសិស្សនិស្សិត និងពលរដ្ឋទូទៅ ឱ្យកាន់តែយល់បន្ថែមទៀត ដូចតទៅ៖

ដើម្បីឱ្យយល់កាន់តែច្បាស់អំពីថាអ្វីទៅជាកិច្ចសន្យាខ្ចីបរិភោគ ជាបឋមគេត្រូវយល់អត្ថន័យថា តើអ្វីទៅជាកិច្ចសន្យា?
១.និយមន័យ
-កិច្ចសន្យា ៖ ជាកិរិយាដែលបុគ្គលពីរនាក់ ឬច្រើននាក់មានឆន្ទៈត្រូវគ្នាព្រមបង្កើត កែប្រែ ឬរំលត់នៅកាតព្វកិច្ច។(មាត្រា ៣១១ នៃក្រមរដ្ឋប្បវេណី)
ឧទាហរណ៍. លោក “ក” បានទិញរថយន្តមួយគ្រឿងពី លោក “ខ” ។ មានន័យថា៖ លោក “ក”បានបង្ហាញឆន្ទៈក្នុងការទិញរថយន្ត ហើយលោក “ខ” ក៏មានឆន្ទៈក្នុងការលក់ឱ្យលោក “ក” ដូចគ្នា ដោយផ្អែកលើតម្លៃ ឬលក្ខខណ្ឌនៃការព្រមព្រៀងគ្នាណាមួយ។ ដូចនេះ កិច្ចសន្យាលក់ទិញរថយន្តនេះបានកើតឡើង។
-កិច្ចសន្យាខ្ចីបរិភោគ ៖ សំដៅទៅលើកិច្ចសន្យាមួយ ដែលភាគីម្ខាង ហៅថា “អ្នកឱ្យខ្ចី" មានករណីយកិច្ច ប្រគល់ ការប្រើប្រាស់ដោយសេរីនូវ ប្រាក់ ស្បៀងអាហារ ឬវត្ថុជំនួសផ្សេងទៀត ក្នុងអំឡុងពេលដែល មានកំណត់ឱ្យទៅភាគីម្ខាងទៀត ហៅថា “អ្នកខ្ចី" ហើយនៅក្រោយពេលដែល អំឡុងពេលនោះបាន កន្លងផុត អ្នកខ្ចី មានករណីយកិច្ចសង ទៅឱ្យអ្នកឱ្យខ្ចីវិញ នូវវត្ថុដែលមានប្រភេទ គុណភាព និង ចំនួនស្មើគ្នានឹងវត្ថុដែលបានទទួលពីអ្នកឱ្យខ្ចីនោះ ។ កិច្ចសន្យាខ្ចីបរិភោគ ជាកិច្ចសន្យាទ្វេភាគី ព្រោះអ្នកឲ្យខ្ចីត្រូវមាន កាតព្វកិច្ចប្រគល់វត្ថុ និង អ្នកខ្ចីត្រូវមានកាតព្វកិច្ចសងវត្ថុវិញដែរ ។ (មាត្រា ៥៧៨ នៃក្រមរដ្ឋប្បវេណី)
ផ្អែកលើការឱ្យនិយមន័យនេះ កិច្ចសន្យាខ្ចីបរិភោគ បានឆ្លុះបញ្ជាំងអំពីវត្ថុ ដែលជាកម្មវត្ថុក្នុងការខ្ចី ដូចជា ចលនវត្ថុ អចលនវត្ថុ ជាដើម។ ហើយវត្ថុមួយចំនួនគឺមិនអាចរក្សានូវភាពដើមបានទេ ដូចជា ប្រភេទស្បៀងអាហារ ក្រដាស់ប្រាក់ ……។ ចំណែកវត្ថុផ្សេងទៀតអាចជាប្រភេទវត្ថុនៃវត្ថដែលរក្សាភាពដើមបាន ដូចជា ម៉ូតូ រថយន្ត កង់ ត្រាក់ទ័រភ្ជួរដី នាឡិការ សៀវភៅ…………..។ ប៉ុន្តែជាគោលការណ៍ច្បាប់ចំពោះវត្ថុដែលមិនអាចរក្សាសភាពដើមបាន អ្នកខ្ចីមានកាតព្វកិច្ចត្រូវសងមកវិញនូវប្រភេទ ដែលមានគុណភាព និងចំនួនឱ្យបានស្មើនឹងវត្ថុដែលបានខ្ចីទៅ ដូចជា ការខ្ចីអង្ករផ្កាខ្ចី១០គីឡូ ដូចនេះអ្នកខ្ចីត្រូវសងអង្ករផ្កាខ្ញី ១០គីឡូមកវិញ ឬអង្ករដែលមានគុណភាព ឬតម្លៃដូចនឹងអង្ករផ្កាខ្ញីមកឱ្យអ្នកឱ្យខ្ចីវិញ។ ចំណែកវត្ថុដែលត្រូវរក្សាភាពដើមបាន អ្នកខ្ចីត្រូវមានកាតព្វកិច្ចសងមកវិញនូវសភាពដើមទាំងស្រុង ក្នុងករណីមានការខូចខាត អ្នកខ្ចីត្រូវមានកាតព្វកិច្ចក្នុងការសងការខាតខាតទាំងនោះមកឱ្យ អ្នកឱ្យខ្ចី វិញ។
២.ការបង្កើតកិច្ចសន្យាខ្ចីបរិភោគ (មាត្រា ៥៧៩ នៃក្រមរដ្ឋប្បវេណី)
ជាគោលការណ៍កិច្ចសន្យាមួយត្រូវបង្កើតឡើងដោយផ្អែកលើឆន្ទៈនៃការព្រមព្រៀងរបស់គូភាគី។ ដូចនេះ កិច្ចសន្យាខ្ចីបរិភោគ គឺត្រូវបានបង្កើតឡើងផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគីដូចគ្នា។ ក្នុងករណីការខ្ចីបរិភោគនោះ មិនបានសរសេរជាកិច្ចសន្យាលាយលក្ខណ៍អក្សរក៏ដោយ ក៏កិច្ចសន្យាត្រូវបានចាត់ទុកថាមានអានុភាពបានដែរ។
ប៉ុន្តែជាផលវិបាក ការបង្កើតកិច្ចសន្យា ដោយផ្ទាល់មាត់មិនមានភាពរឹងមាំក្នុងការទាមទារដូចជាការបង្កើតកិច្ចសន្យាជាលាយលក្ខណ៍អក្សរនោះទេ ព្រោះនៅពេលមានវិវាទកើតឡើង គឺគូភាគី ត្រូវតែបង្ហាញអំពីភស្តុតាងឱ្យបានជាក់លាក់ទៅកាន់តុលាការអំពីការទាមទាររបស់ខ្លួន។
ផ្អែកតាមមាត្រា ៥៨០ វាក្យខណ្ឌទី១ នៃក្រមរដ្ឋប្បវេណី ចំពោះ កិច្ចសន្យាខ្ចីបរិភោគ ធ្វើឡើងដោយផ្ទាល់មាត់ និងមិនយកការប្រាក់ ភាគីអាចដកកិច្ចសន្យានោះនៅពេលណាក៏បាន។ ឧ. “ក” បានខ្ចីប្រាក់ពី “ខ” ចំនួន ៥០០ដុល្លាអាមេរិក ដោយមិនបានធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរនោះឡើយ ហើយ “ខ”ក៏បានយល់ព្រម ។ ដូចនេះ “ក” និង “ខ” អាចលុបចោលកិច្ចសន្យាវិញនៅពេលណាក៏បាន។ មានន័យថា “ក” ជាអ្នកឱ្យខ្ចី ដោយមិនទាន់បានប្រគល់ប្រាក់ទៅឱ្យ “ខ” ទេ អាចលុបចោលកិច្ចសន្យាវិញបាន។ ប៉ុន្តែបើ “ក” បានប្រគល់មួយចំនួនរួចហើយទៅឱ្យ “ខ” នោះ “ក” មិនអាចដកវិញបានទេ។
នៅក្នុងក្រមរដ្ឋប្បវេណីក៏បានបង្កើតស្ថានភាពពិសេសមួយដែរចំពោះកិច្ចសន្យាខ្ចីបរិភោគ គឺសម្រាប់ភាគីដែលម្ចាស់បំណុល និងកូនបំណុលព្រមព្រៀងគ្នា យកករណីកិច្ចផ្តល់តាវការលិកជាប្រាក់ ឬវត្ថុផ្សេងជំនួស ដោយមូលហេតុក្រៅពីកិច្ចសន្យាខ្ចីបរិភោគ មកធ្វើជាកម្មវត្ថុនៃកិច្ចសន្យាខ្ចីបរិភោគ។(មាត្រា ៥៨២ នៃក្រមរដ្ឋប្បវេណី)
ឧទាហរណ៍. លោក “ក” លក់រថយន្តមួយគ្រឿងម៉ាក តូយូតា ឆ្នាំផលិត ២០០៥ ក្នុងតម្លៃ ២០០០០ ដុល្លាអាមេរិក ទៅឱ្យលោក “ខ” ដោយកំណត់ពីកាលបរិច្ឆេទនៃការប្រគល់រថយន្ត និងទូទាត់ថ្លៃលក់ទិញ ប៉ុន្តែស្រាប់តែលោក “ខ” មិនមានប្រាក់គ្រប់គ្រាន់ក្នុងការប្រគល់ជូនលោក “ក” ដូចនេះ លោក “ក” និងលោក “ខ” អាចបង្កើតជាកិច្ចសន្យាខ្ចីបរិភោគបានក្នុងស្ថានភាពនេះ ដោយបង្វែរពីកិច្ចសន្យាលក់ទិញ មកជាកិច្ចសន្យាខ្ចីបរិភោគ។
៣.ការខ្ចីបរិភោគដោយភ្ជាប់ការប្រាក់
ការប្រាក់ សំដៅទៅលើចំនួនទឹកប្រាក់ ឬ វត្ថុផ្សេងទៀតដែលត្រូវបានផ្តល់ទៅឱ្យតាមសមាមាត្រនៃអំឡុងពេលនៃការប្រើប្រាស់ ក្នុងនាមជាតម្លៃតបចំពោះការប្រើប្រាស់ប្រាក់ ឬ វត្ថុ ដែលត្រូវបានប្រគល់ឱ្យអ្នកខ្ចី ហើយដែលត្រូវគណនាដោយយកចំនួនទឹកប្រាក់ ឬ វត្ថុ ដែលបានខ្ចី មកគុណ ជាមួយនឹងអត្រាដែលត្រូវបានកំណត់ ។ វត្ថុដែលត្រូវបានប្រគល់ឱ្យអ្នកខ្ចី ហៅថា ប្រាក់ដើម ។ ការប្រាក់ជាផលស៊ីវិល ។
ភាគីនៃកិច្ចសន្យាខ្ចីបរិភោគ អាចយកកម្មវត្ថុនៃការសងការប្រាក់ មកបង្កើតជាសិទ្ធិលើបំណុលតាមការព្រមព្រៀងបាន ។ ប៉ុន្តែចំពោះការព្រមព្រៀងបង្កើតសិទ្ធិលើបំណុលនៃការប្រាក់ ប្រសិនបើពុំបានធ្វើតាមលិខិតជាលាយល័ក្ខណ៍អក្សរ ដោយមានចុះហត្ថលេខារបស់អ្នកខ្ចីទេ ពុំមានអានុភាព ឡើយ។
៤.អត្រាការប្រាក់
៤.១.អត្រាការប្រាក់ដែលកំណត់ដោយច្បាប់
អត្រាការប្រាក់ ដែលកំណត់ដោយច្បាប់ សំដៅទៅលើអត្រាការប្រាក់ ដែលមានចែងកំណត់ ទុកជាមុននៅក្នុងច្បាប់ ។ ក្នុងករណីដែលភាគី មិនបានព្រមព្រៀងគ្នា អំពីអត្រាការប្រាក់នៅក្នុងកិច្ចសន្យាទេ គឺ គេត្រូវយកអត្រាការប្រាក់ដែលបានកំណត់ដោយច្បាប់ យកមកអនុវត្តនៅក្នុងកិច្ចសន្យាខ្ចីបរិភោគដែល មានភ្ជាប់ការប្រាក់ ។ អត្រាការប្រាក់ដែលកំណត់ដោយច្បាប់នេះ គឺ ៥%នៅក្នុងមួយឆ្នាំ។
មាត្រា ៣១៨ នៃក្រមរដ្ឋប្បវេណី គេអាចកំណត់អត្រាការប្រាក់ផ្សេងពីនេះ ដោយច្បាប់ពិសេសបាន ។ តាមច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តិទៅនៃធនាគារជាតិ នៃកម្ពុជា ឆ្នាំ ១៩៩៦ បានកំណត់អំពីតួនាទីរបស់ធនាគារជាតិនៃកម្ពុជាមានតួនាទីកំណត់អត្រាការប្រាក់ ។ ដូច្នេះ អត្រាការប្រាក់ដែលត្រូវយកមកអនុវត្តនៅក្នុងវិស័យធនាគារ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវបានកំណត់ ដោយបទប្បញ្ញត្តិពិសេសរបស់ធនាគារជាតិ នៃកម្ពុជា ។
៤.២.អត្រាការប្រាក់ក្នុងកិច្ចសន្យា
ការកំណត់អត្រាការប្រាក់ដោយច្បាប់ វាមានផលប៉ះពាល់ខ្លាំងណាស់ ចំពោះការរីកចម្រើនខាង ផ្នែកសេដ្ឋកិច្ច ដោយសារមូលហេតុនេះហើយបានជា ក្រមរដ្ឋប្បវេណីថ្មីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត អោយគូភាគី អាចធ្វើការកំណត់នូវអាត្រាការប្រាក់ តាមការព្រមព្រៀងរបស់ភាគីបាន ដោយមិនចាំបាច់ ធ្វើការអនុវត្តតាមអត្រាការប្រាក់ដែលកំណត់ដោយច្បាប់ (៥%) ព្រោះថា នៅក្នុង កិច្ចសន្យាខ្ចីបរិភោគមានហានិភ័យខ្ពស់ណាស់ ចំពោះអ្នកឲ្យខ្ចី ដោយមានប្រាក់អោយគេខ្ចី ហើយបានទទួលការប្រាក់ទាប តែត្រូវប្រឈមមុខនិងការខាតបង់យ៉ាងខ្លាំងក្នុងការអោយប្រាក់ ឬ វត្ថុរបស់ខ្លួន ទៅអោយអ្នកខ្ចីប្រើប្រាស់ដោយសេរី តែអ្វីដែលជាថ្នូរចំពោះការប្រើប្រាស់នោះ គ្រាន់តែជាការប្រាក់បន្តិចបន្តួច ។ ម្យ៉ាងទៀត តើមានអ្នកមានណាហ៊ានយកលុយរបស់ខ្លួន ទៅអោយគេខ្ចីនោះបើ ការខ្ចីនោះទទួលបានការប្រាក់ទាបនោះ ។
តាមមាត្រា ៥៨៤ នៃក្រមរដ្ឋប្បវេណី បានអនុញ្ញាត អោយគូភាគីនៃកិច្ចសន្យាខ្ចីបរិភោគដែល មានភ្ជាប់ការប្រាក់ អាចធ្វើការព្រមព្រៀងគ្នាដោយសេរីនៅក្នុងការកំណត់នូវអត្រាការប្រាក់របស់ខ្លួន នៅក្នុងកិច្ចសន្យាបាន ទោះបីជាការព្រមព្រៀងនោះ មានការកំណត់នូវអត្រាការប្រាក់ ហួសពី អត្រាការប្រាក់ដែលកំណត់ដោយច្បាប់ក៏ដោយ ក៏ការព្រមព្រៀងនោះ មានអានុភាព តែត្រូវធ្វើជាលាយល័ក្ខណ៍អក្សរ។
៤.៣.ការកម្រិតការប្រាក់
អត្រាការប្រាក់ដែលត្រូវបានកម្រិត សំដៅទៅលើអត្រាការប្រាក់អតិបរមា ដែលអាចកំណត់ បានដោយស្របច្បាប់ ឬ កំណត់ដោយច្បាប់ និង បទដ្ឋានគតិយុត្តផ្សេងទៀត ហើយគូភាគីមិនអាចធ្វើការព្រមព្រៀងគ្នាអោយលើសពីការកម្រិតបានឡើយ ។
តាមច្បាប់ស្តីពី ការអនុវត្តក្រមរដ្ឋប្បវេណី ឆ្នាំ ២០១១ មាត្រា ១៧ អត្រាការប្រាក់ដែលត្រូវ បានកម្រិត ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ត្រឹមអត្រាចាប់ពី ១០% ទៅ ៣០%ក្នុង១ ឆ្នាំ ។ តាមប្រកាសរបស់ក្រសួងយុត្តិធម៌ ស្តីពីអត្រាការប្រាក់ដែលបានកម្រិត ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១១ អត្រាការប្រាក់ដែលត្រូវបានកម្រិតគឺ ១៨% នៅក្នុង ១ ឆ្នាំ ។
ប្រសិនបើ ភាគីបានកំណត់អត្រាការប្រាក់ លើសពីអត្រាការប្រាក់ដែលត្រូវបានកម្រិត កិច្ចសន្យា នៃភាគដែលលើសពីកម្រិតនៃអត្រាការប្រាក់នោះត្រូវទុកជាមោឃៈ រីឯអ្នកខ្ចី មានករណីយកិច្ចសងតែ ចំពោះការប្រាក់ដែលត្រូវបានគណនា តាមអត្រាការប្រាក់ដែលត្រូវបានកម្រិតនោះតែ ប៉ុណ្ណោះ។ នៅក្នុងករណី ដែលបានសងការប្រាក់ ដែលលើសពីអត្រាការប្រាក់ដែលត្រូវបានកម្រិត ហើយត្រូវចាត់ទុកថាភាគដែលលើសពីការកម្រិតនោះជាការកាត់បំណុលទៅលើប្រាក់ដើម។
នៅក្នុងករណីដែល បានកាត់បំណុលទៅលើប្រាក់ដើម ចំពោះផ្នែកដែលលើសពីការកម្រិត ហើយ តែនៅមានសេសសល់ទៀត អ្នកឱ្យខ្ចីត្រូវសងទៅឱ្យអ្នកខ្ចីដោយភ្ជាប់ជាមួយ នូវប្រាក់សំណងនៃការខូចខាត ដោយគណនាតាមអត្រាការប្រាក់ដែលកំណត់ដោយច្បាប់ ដោយគិតចាប់ពីថ្ងៃដែលបានបង្កើតឱ្យមានការសេសសល់នៃការសងរហូតដល់ថ្ងៃដែលបានសងនោះ ។
៥.ការអនុវត្តកិច្ចសន្យាខ្ចីបរិភោគ
ពេលគេនិយាយអំពីការអនុវត្កកិច្ចសន្យាខ្ចីបរិភោគ គេនិយាយពីកាតព្វកិច្ចរបស់គូភាគីសម្រាប់ការអនុវត្តកិច្ចសន្យាខ្ចីបរិភោគ នៅក្នុងច្បាប់បានបង្ហាញអំពីភាគីដែលត្រូវអនុវត្តកិច្ចសន្យា គឺ “កាតព្វកិច្ចអ្នកឱ្យខ្ចី និងករណីកិច្ចរបស់អ្នកខ្ចី"។
៥.១.កាតព្វកិច្ចអ្នកឱ្យខ្ចី
អ្នកឱ្យខ្ចី មានករណីយកិច្ចឱ្យអ្នកខ្ចីប្រើប្រាស់វត្ថុ ដោយសមស្របតាមកិច្ចសន្យា រីឯអ្នកខ្ចី អាចប្រើប្រាស់ អាស្រ័យផល និង ចាត់ចែងវត្ថុ(លក់) ដោយសេរីបាន ហើយត្រូវទទួលបន្ទុកហានិភ័យ លើការបាត់បង់ ឬ ខូចខាត ចំពោះវត្ថុដែលជាកម្មវត្ថុដែលកើតឡើងដោយសារមូលហេតុ ដែលមិនមែនជាបន្ទុករបស់អ្នកឱ្យខ្ចី ក្នុងនាមជាកម្មសិទ្ធិករ គិតចាប់ពីថ្ងៃដែលបានទទួលការប្រគល់ វត្ថុដែលជាកម្មវត្ថុ ។
នៅក្នុងកិច្ចសន្យាខ្ចីបរិភោគ ដែលមានភ្ជាប់ការប្រាក់ អ្នកឱ្យខ្ចី ដែលបានប្រគល់វត្ថុដែលមិនស្ថិតនៅក្រោមកម្មសិទ្ធិរបស់ខ្លួន មានករណីយកិច្ច ត្រូវធ្វើលទ្ធកម្មនូវកម្មសិទ្ធិនៃវត្ថុនោះហើយផ្ទេរ ទៅឱ្យអ្នកខ្ចី ឬ ត្រូវប្តូរ ជាមួយនឹងវត្ថុផ្សេងទៀត ដែលស្ថិតនៅក្រោមកម្មសិទ្ធិរបស់ខ្លួន ។ ប្រសិនបើ អ្នកឱ្យខ្ចី ពុំអាចអនុវត្តកាតព្វកិច្ចខាងលើនេះបានទេ អ្នកខ្ចីអាចរំលាយកិច្ចសន្យាបាន ។
ទន្ទឹមនឹងនេះដែរ ប្រសិនបើអ្នកខ្ចី ដែលបានទទួលការប្រគល់វត្ថុខ្ចី ដោយពុំបានដឹងថា អ្នក ឱ្យខ្ចីនោះគ្មានសិទ្ធិ អ្នកខ្ចី អាចទាមទារឱ្យអ្នកឱ្យខ្ចីសងសំណងនៃការខូចខាតបាន ។ នៅក្នុងកិច្ចសន្យាខ្ចីបរិភោគដោយគ្មានការប្រាក់ ប្បញ្ញត្តិនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះតែករណីដែលអ្នកឱ្យខ្ចីបានដឹងថាខ្លួនគ្មានសិទ្ធិចាត់ចែងវត្ថុដែលជាកម្មវត្ថុ ហើយបានប្រគល់វត្ថុរបស់អ្នកដទៃនោះករណីយកិច្ចឱ្យខ្ចីរបស់ អ្នកឱ្យខ្ចី ។
អ្នកឲ្យខ្ចី ត្រូវប្រគល់វត្ថុដែលគ្មានវិការៈ ។ ដូច្នោះបើនៅក្នុងកិច្ចសន្យាខ្ចីបរិភោគដែលមានភ្ជាប់ការប្រាក់ ប្រសិនបើ អ្នកឱ្យខ្ចីបានប្រគល់វត្ថុដែលមានវិការៈ អ្នកខ្ចីដែលបានទទួលការប្រគល់ដោយ មិនបានដឹងអំពីវិការៈនោះ អាចទាមទារឱ្យប្តូរជាមួយនឹងវត្ថុដែលគ្មានវិការៈ និង អាចទាមទារ សំណងនៃការខូចខាតបាន ។ នៅក្នុងកិច្ចសន្យាខ្ចីបរិភោគដែលគ្មានការប្រាក់ អ្នកខ្ចីដែលបានទទួលវត្ថុដែលមានវិការៈ អាចសងតម្លៃនៃវត្ថុដែលមានវិការៈដូចគ្នាវិញបាន ។
នៅក្នុងករណីដែលស្ថានភាពរបស់អ្នកខ្ចីបានធ្លាក់ចុះយ៉ាងខ្លាំងនៅពេលបង្កើត កិច្ចសន្យាបានបង្កើតឡើងរវាងអ្នកឲ្យខ្ចី និង អ្នកខ្ចីហើយ ស្ថានភាពសេដ្ឋកិច្ច របស់អ្នកខ្ចី ធ្លាក់ចុះយ៉ាងខ្លាំង ដែលនឹងធ្វើឱ្យមានឧបសគ្គដល់ការអនុវត្តកាតព្វកិច្ចសង អ្នកឱ្យខ្ចី អាចរំលាយកិច្ចសន្យាខ្ចីបរិភោគបាន ។ ការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចនេះ មានន័យថាជាការ បាត់បង់ ឬ ការថយចុះនៅទ្រព្យសម្បត្តិរបស់អ្នកឲ្យខ្ចីដោយសារមូលហេតុណាមួយ ពោល គឺអ្នកឲ្យ ខ្ចីបានធ្លាក់ខ្លួនក្រក្រោយពេលបានបង្កើតកិច្ចសន្យាខ្ចីបរិភោគ ។
៥.២.ករណីកិច្ចរបស់អ្នកខ្ចី
ជាគោលការណ៍ អ្នកខ្ចី មានករណីយកិច្ច ត្រូវសងទៅអ្នកឱ្យខ្ចី នូវវត្ថុដែលមាន ប្រភេទ គុណ ភាពនិង ចំនួន ស្មើគ្នានឹងវត្ថុដែលបានទទួលការប្រគល់ នៅថ្ងៃដែលត្រូវសង ។ នៅក្នុងករណីនេះផងដែរ អ្នកខ្ចី មានគោលដៅនៃការសងពីរ គឺ “ការសងនូវវត្ថុដែលជាកម្មវត្ថុនៃការខ្ចី និងការបង់ការប្រាក់”។
៥.២.១.ការសងនូវវត្ថុដែលជាកម្មវត្ថុនៃការខ្ចី
ប្រសិនបើភាគី បានកំណត់កាលបរិច្ឆេទនៃការសង អ្នកឱ្យខ្ចី មិនអាចទាមទារឱ្យសងវត្ថុនោះ មុនពេល កំណត់ត្រូវសង តាមកាលបរិច្ឆេទដែលកំណត់ក្នុងកិច្ចសន្យាបានឡើយ ។ ប៉ុន្តែ មាន ករណីមួយចំនួន ដែលអ្នកឲ្យខ្ចីអាចធ្វើការទាមទារអោយសងមុនពេលកំណត់នោះបាន ។ ករណី នោះមានដូចជាៈ អ្នកខ្ចីត្រូវបានប្រកាសក្ស័យធន កូនបំណុលបានធ្វើឲ្យខូចខាតប្រាតិភោគ កូនបំណុលមានករណីយកិច្ចត្រូវដាក់ប្រាតិភោគ ប៉ុន្តែ មិនបានបំពេញករណីយកិច្ចនេះ និង មានហេតុ ដែលគូភាគីបានព្រមព្រៀងគ្នា បានកើតឡើង។
ប្រសិនបើភាគី មិនបានកំណត់កាលបរិច្ឆេទនៃការសងទេ អ្នកឱ្យខ្ចីអាចដាស់តឿនឱ្យសង ដោយកំណត់អំឡុងពេលសមរម្យបាន។ អ្នកខ្ចី នៃកិច្ចសន្យាខ្ចីបរិភោគដោយគ្មានការប្រាក់ អាចសងនៅពេលណាក៏បាន ។ អ្នកខ្ចីនៃកិច្ចសន្យាខ្ចីបរិភោគ ដែលមានការប្រាក់ អាចសងនៅមុនកាលបរិច្ឆេទសងដែល បាន កំណត់ដោយកិច្ចសន្យាបាន ។(ពេលវេលានៃការសង)
ប្រសិនបើពុំមានការព្រមព្រៀងរវាងភាគី អំពីទីកន្លែងនៃការសងទេ អ្នកខ្ចីត្រូវយក វត្ថុដែល ជាកម្មវត្ថុនោះ ទៅសងនៅលំនៅឋានរបស់អ្នកឱ្យខ្ចី ។(ទីកន្លែងនៃការសង)
ប្រសិនបើ អ្នកខ្ចី មិនអាចសងបានទេ អ្នកខ្ចី មានករណីយកិច្ចត្រូវបង់ប្រាក់ដែលសមរម្យនឹង តម្លៃនៃវត្ថុដែលជាកម្មវត្ថុ នៅទីកន្លែង និង ថ្ងៃដែលត្រូវសង ។ ប្រសិនបើ ពុំបានកំណត់ថ្ងៃ ឬ ទីកន្លែងដែលត្រូវសងទេ ត្រូវចាត់ទុកថាត្រូវបង់ចំនួនប្រាក់ដែលសមរម្យនឹងតម្លៃនោះនៅថ្ងៃ និង ទីកន្លែងដែលបានធ្វើកិច្ចសន្យា ។(ករណីកិច្ចដែលអ្នកខ្ចីមិនអាចសងវត្ថុបាន)
៥.២.២.ការបង់ការប្រាក់
អ្នកខ្ចី ត្រូវមានកាតាព្វកិច្ចត្រូវបង់ការប្រាក់ ហើយការបង់ការប្រាក់ត្រូវអនុវត្តតាម អត្រាការប្រាក់ដែលកំណត់ដោយច្បាប់ និង អត្រាការប្រាក់ក្នុងកិច្ចសន្យា ។ ទោះបីជា តម្លៃរូបិយវត្ថុ ឬ តម្លៃនៃ វត្ថុមានការប្រែប្រួលនៅមុនពេលសងក៏ដោយ លើកលែងតែ ក្នុងករណីដែល មានការព្រមព្រៀងពិសេស អ្នកខ្ចីត្រូវសងនូវចំនួនទឹកប្រាក់ ដូចគ្នា នឹងចំនួនទឹកប្រាក់ដែលទទួលបានពីការប្រគល់ ។
លោកប្រធានាធីបតីត្រាំ និយាយថា កងកម្លាំងសហរដ្ឋអាមេរិកចាប់វាយប្រហារទៅលើក្រុម ISIS នៅក្នុង នីហ្គឺរៀ
26 ធ្នូ 2025
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានដាក់ពាក្យបណ្តឹងរដ្ឋចំនួន៦ ជុំវិញបញ្ហាបញ្ជីឈ្មោះអ្នកបោះឆ្នោត
27 កញ្ញា 2025
ឈ្វេងយល់អំពី ការបង្កើតអាពាហ៍ពិពាហ៍
21 កញ្ញា 2025
តើអ្វីទៅជា ប្រទានកម្ម អច្ច័យទាន សន្តតិកម្ម មតកសាសន៍?
18 កញ្ញា 2025
កម្មវិធីយល់ដឹងពីច្បាប់ "បណ្តឹងតប"
18 សីហា 2025